ប្តីមានជំងឺរ៉ាំរ៉ៃខឹងប្រពន្ធប្តឹងចាក់សាំងដុតខ្លួនឆេះទាំងផ្ទះទាំងមនុស្ស

កណ្តាល ៖ បុរសម្នាក់ត្រូវបានភ្លើងឆេះស្លាប់នៅក្នុងផ្ទះ ​បន្ទាប់ពីបុរសនោះចាក់សាំងដុតខ្លួនឯងនៅក្នុងផ្ទះ ដោយសារតែតូចចិត្តមានជំងឺប្រចាំកាយនិងខឹងប្រពន្ធប្តឹងគំរាមឱ្យចេញពីផ្ទះបើមិនឈប់ផឹកស្រា។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការប៉ូលិសក្រុងតាខ្មៅបានឱ្យដឹងថា ​ករណីដុតសម្លាប់ខ្លួនឯង បណ្តាលឱ្យកើតមានអគ្គីភ័យឆេះស្លាប់ខ្លួនឯងនិងឆេះទាំងផ្ទះ កើតឡើងកាលពីវេលាម៉ោង០៩ និង០៥នាទីព្រឹក ថ្ងៃទី១៤ កុម្ភៈ ២០២១ ក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

លោកអធិការបន្តថា ជនរងគ្រោះដែលស្លាប់និងជាម្ចាស់ផ្ទះឈ្មោះ ស៊ុម ចំរើន ហៅតយ អាយុ៤១ឆ្នាំ មានរបរជាអ្នករត់ម៉ូតូកង់៣ មានប្រពន្ធឈ្មោះ មីន ស្រីនី ជាកម្មការិនីរោងចក្រ និងមានកូន២នាក់ក្នុងបន្ទុក។ 

តាមការអះអាងរបស់ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣៤ឆ្នាំ ដែលត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះបានឱ្យដឹងថា បងថ្លៃប្រុសរបស់ខ្លួនជាមនុស្សស្រវឹងខួបផឹកស្រាជាប្រចាំ ហើ យឱ្យតែផឹកស្រាស្រវឹងតែងរករឿងប្រពន្ធកូន និងរកដុតខ្លួនឯង ឬដុតផ្ទះជារើយៗ។ 

កាលពីព្រលប់ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផឹកស្រាស្រវឹង បងថ្លៃបានទៅទិញសាំងយកមកដុតផ្ទះ ប៉ុន្តែអ្នកលក់មិនលក់ឱ្យ។ លុះព្រឹកឡើងក្រោយពីផឹកស្រាស្រវឹង បងថ្លៃបានទៅទិញប្រេងសាំងយកមកដុតផ្ទះ ប៉ុន្តែ អ្នកលក់មិនលក់ឱ្យ។ 

លុះព្រឹកឡើង នៅពេលដែលប្រពន្ធកូនមិននៅ បងថ្លៃបានទៅទិញប្រេងសាំងម្តងទៀត ហើយចូលក្នុងផ្ទះចាក់គន្លឹះទ្វារខាងក្នុង ចាក់សាំងដុតខ្លួនឯងស្លាប់ ទោះបីអ្នកជិតខាង និងសមត្ថកិច្ចជួយអន្តរាគមន៍យ៉ាងណាក៏ដោយ ក៏មិនអាចជួយបានដែរ។

លោកអធិការបន្តថា បន្ទាប់ពីទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការប៉ូលិសខេត្តកណ្តាល បានចេញបញ្ជាឱ្យរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង ចេញអន្តរាគមន៍ភ្លាមៗផងដែរ និងបានប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ទើបរលត់ទាំងស្រុង នៅវេលាម៉ោង០៩ និង៤០នាទីព្រឹកថ្ងៃដដែល ដោយមិនរាលដាលដល់លំនៅដ្ឋានអ្នកជិតខាងនោះទេ។ 

ប៉ុន្តែអ្វីដែល គួរឱ្យសោកស្តាយ គឺសមត្ថកិច្ចមិនអាចសង្គ្រោះជនរងគ្រោះដែលជាម្ចាស់ផ្ទះបានទេ ព្រោះបានខ្ទាស់គន្លឹះទ្វារចាក់សាំងដុតខ្លួនឯងនៅខាងក្នុងស្លាប់មុនពេលកម្លាំងសមត្ថកិច្ចទៅដល់និងឆេះអស់ផ្ទះ១ខ្នង សង់អំពីឈើប្រក់ស័ង្គសី មានទទឺង៧ម៉ែត្រគុណនឹងបណ្តោយ១០ម៉ែត្រ រួមជាមួយសម្ភារៈប្រើប្រាស់ទាំងអស់៕

-->
adverise with khmeread