រថយន្តព្រូសបើកបុករង្វង់មូលវិមានឯករាជ្យផ្អើលឈុលទាំងយប់

ភ្នំពេញ ៖ ស្តូបវីរ:បុរសបាក់អស់២និងខឿនអានទឹករង្វង់មូលវិមានឯករាជ្យបែកបាក់ខូចខាតមួយចំនួនទៀត ដោយសារយុវជនម្នាក់បើករថយន្តព្រូសមួយគ្រឿងទៅបុកពេញទំហឹងកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចរង្វង់មូលវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

បើតាមសម្តីសមត្ថកិច្ចដែលយាមនៅមុខរង្វង់មូលវិមានឯករាជ្យបានឱ្យដឹងថា រថយន្តបង្កម៉ាកព្រូស ពណ៌ស ស៊េរីឆ្នាំ ២០១០ ពាក់ស្លាកលេខភ្នំពេញ 2BB.1315 បើកបរដោយយុវជនម្នាក់។ ដំបូងគាត់ឃើញ រថយន្តម៉ាកព្រូស មួយគ្រឿងបើកបរដោយយុវជនម្នាក់តាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីជើងមកត្បូងយ៉ាងលឿន។

ខណៈមកដល់ចំណុចកើតហេតុខាងលើ មិនបានបត់ស្ដាំនោះទេ ក៏មកត្រង់ទៅមុខទៅបុក ស្ដូប វីរៈបុរសបាក់អស់ចំនួន២និងខឿនថ្មអាងទឹកដែល បាញ់ទឹកឡើងលើចំរុះពណ៌បណ្ដាលឱ្យបាក់បែកអស់មួយកន្លែងទៀត ​ហើយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ តែសំណាងល្អក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងស្ទូចយករថយន្ត និងអ្នកបើកបរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread