កម្មករសង់ស្ពានម្នាក់ដេកស្លាប់នៅក្នុងការដ្ឋានដោយសារគាំងបេះដូង

ភ្នំពេញ ៖ បុរសជាកម្មករសង់ស្ពានម្នាក់បានដេកស្លាប់ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង ០៧និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចការដ្ឋានសំណង់ស្ពានកោះពេជ្រ ក្រុមហ៊ុន OCIC ផ្លូវមាត់ទន្លេ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចនិយាយថា អត្តសញ្ញាណសាកសពឈ្មោះ ធឿន រតនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសាងសង់ស្ពាន ទីលំនៅភូមិ១ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ស្នាក់នៅការដ្ឋានសំណង់កើតហេតុខាងលើ។

យោងតាមការបំភ្លឺពីឈ្មោះ វ៉ែន សម័យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សាដែក បានឱ្យដឹងថា ជនរងគ្រោះបានមកធ្វើការតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ហើយគាត់តែងតែឃើញជនរងគ្រោះចងអង្រឹងដេកនៅក្រោមស៊ីតេនប្រេងជាប្រចាំ។ 

លុះនៅព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២១ គាត់និងកម្មករផ្សេងទៀតបានមកធ្វើការ និងនាំគ្នាដើរមកចាក់សោយកសម្ភារៈនៅក្នុងទូជាប់កន្លែងជនរងគ្រោះដេកក្នុងអង្រឹង គាត់ក៏បានស្រែកដាស់ជនរងគ្រោះឱ្យភ្ញាក់ធ្វើការ តែជនរងគ្រោះមិនដឹងខ្លួន ទើបគាត់ប្រាប់ទៅមេការមកមើលទើបដឹងថាជនរងគ្រោះស្លាប់បាត់ហើយ។

តាមការពិនិត្យនិងបញ្ជាក់របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ ថា «ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង អាចបណ្តាលមកពីជំងឺបេះដូង»។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕


     

-->
adverise with khmeread