ស្ត្រីអ្នករើសអេតចាយមេម៉ាយកូន៣, បាត់បង់កូន២នាក់ដោយសារលង់ទឹកបឹងស្លាប់

ភ្នំពេញ ៖ មានករណីកុមារពីរនាក់រងគ្រោះលង់ទឹកបឹងបណ្តាលឱ្យស្លាប់ កើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចទឹកបឹង ក្រុមទី១ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ប៉ូលិសនិយាយថា កុមាររងគ្រោះពីរនាក់រួមមាន ១-ឈ្មោះ សៀន រ៉ូហ្សា ភេទស្រី អាយុ១២ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលភូមិសន្សំកុសល២ សង្កាត់បឹងទំពន់១ និង២-ឈ្មោះ សៀន ដេវីត ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយគ្នានិងជាបងប្អូនបង្កើតនឹងគ្នា មានម្តាយជាស្ត្រីអ្នករើសអេតចាយមេម៉ាកូន៣ រកមួយថ្ងៃហូបមួយថ្ងៃ​។

ប៉ូលិសបន្តថា ដំបូងកុមារទាំងពីរបានសុំម្ដាយទៅលេងក្រៅ,រួចហើយក៏នាំគ្នាទៅលេងទឹកបឹង ​បណ្ដាលឱ្យលង់ស្លាប់ទាំង២នាក់តែម្តង។ បច្ចុប្បន្នសពបានរៀបចំបូជានៅព្រឹកថ្ងៃទី​១៥ ខែកុម្ភៈនេះនៅវត្តសន្សំកុសល ហើយម្តាយមេម៉ាយកំពុងខ្វះខាតថវិកាសម្រាប់ធ្វើបុណ្យកូនទាំង២នាក់ទៀតផង​៕

-->
adverise with khmeread