ផ្អាកការងារលោកអធិការស្រុកកំរៀង ក្រោយពីដោះលែងមេខ្យល់នាំពលករចេញចូលថៃ

បាត់ដំបង ៖ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការប៉ូលិសស្រុកកំរៀង ត្រូវបានលោកស្នងការខេត្តបាត់ដំបងចេញលិខិតបង្គាប់ការសម្រេច «ផ្អាកការងារ​បណ្តោះអាសន្ន» នាថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២១នេះ ក្រោយសង្ស័យថា អនុវត្តការងារខុសនីតិវិធីជាប់ពាក់ព័ន្ធទៅនឹងការដោះលែងមេខ្យល់ដែលនាំពលករចេញចូលប្រទេសថៃ។

យោងតាមលិខិតបង្គាប់ការ លេខ១៦/លបក.នប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់ស្នងការដ្ឋានប៉ូលិសខេត្តបាត់ដំបង ស្តីពីការផ្អាកការងារបណ្ដោះអាសន្ននាយប៉ូលិសជាតិ នៃស្នងការដ្ឋានប៉ូលិសខេត្តបាត់ដំបង ចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង បានសម្រេច «ផ្អាកការងារបណ្ដោះអាសន្នចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អត្តលេខ១០១៦៨ អធិការប៉ូលិសស្រុកកំរៀង ដោយមូលហេតុអនុវត្តការងារខុសនីតិវិធី និងតម្រូវឱ្យបុគ្គលខាងលើត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី»។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ការសម្រេចផ្អាកការងារបណ្តោះអាសន្នទៅលើអធិការស្រុកកំរៀងរូបនេះ ធ្វើឡើងក្រោយមានបទបញ្ជាបន្ទាន់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យស្រាវជ្រាវបន្ទាន់ ករណីដោះលែងមេខ្យល់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ដែលត្រូវបានកម្លាំងទាហានចាប់បានប្រគល់ជូនទៅមន្ត្រីប៉ូលិស តែក៏ត្រូវបានមន្ត្រីប៉ូលិស ដោះលែងទៅវិញ ដោយមានទាំងភស្តុតាងរូបភាព និងឯកសារមួយចំនួនទៀតផង៕

-->
adverise with khmeread