ឃាត់ជនសង្ស័យម្នាក់ឆបោកយកម៉ូតូសង្សាររបស់ខ្លួនទៅបញ្ចាំយកលុយលេងល្បែងចាញ់អស់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួន នាថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានឆបោកយកម៉ូតូពីសង្សាររបស់ខ្លួន នៅចំណុចផ្ទះលេខ១៤៤ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧យប់កន្លងទៅ ហើយយក ទៅបញ្ចាំបានលុយ៩០០ដុល្លារទៅលេងល្បែងចាញ់អស់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សាក សុខឡាង ភេទស្រី អាយុ២១ឆ្នាំ ជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន។ ចំណែកជនសង្ស័យឈ្មោះ ឡន ឌេឌេ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរជាងថតរូប ស្នាក់នៅផ្ទះកើតហេតុ។

ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កណ្តាល 1AI-7405 ទៅលេងផ្ទះជនសង្ស័យដែលត្រូវជាសង្សារនៅចំណុចកើតហេតុ រួចជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះប្រាប់ថា «ទៅយកខ្សែដៃនៅម្តុំផ្សារកណ្តាលមួយភ្លែត» ហើយក៏យកទៅបញ្ចាំគេបានលុយ៩០០ដុល្លារ យកលុយលេងល្បែងអស់។ 

លុះដល់ថ្ងៃទី១៥កុម្ភៈឆ្នាំ២០២១ ម៉ោង៦ព្រលប់ ជនរងគ្រោះ និងក្រុមគ្រួសារឃើញជនសង្ស័យនៅភូមិកើតហេតុ ក៏ឃាត់ខ្លួនប្រគល់សមត្ថកិច្ច ចាត់ការតាមច្បាប់តែម្តង។កន្លងមកជនសង្ស័យធ្លាប់ប្រើល្បិចឆបោកជនរងគ្រោះយកទូរស័ព្ទដៃម៉ាក iPhone-១១ ពណ៌ស្វាយ និងយកម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស (មានកាតគ្រី) ទៅបញ្ចាំយកលុយលេងល្បែងចាញ់អស់ម្តងរួចមកហើយ៕


  

-->
adverise with khmeread