បុរសជនជាតិជប៉ុនម្នាក់ដែលស្នាក់នៅតាមទីសាធារណៈគ្មានលិខិតស្នាមត្រូវបានឃាត់ខ្លួន

ភ្នំពេញ ៖ បុរសជនជាតិជប៉ុនម្នាក់ដែលបានស្នាក់នៅតាមទីសាធារណៈគ្មានលិខិតស្នាមជាប់ខ្លួនច្រើនថ្ងៃកន្លងទៅ ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលចតុមុខ និងប៉ូលិសផ្នែកជំនាញគ្រប់គ្រងជនបរទេសខណ្ឌ បានឃាត់ខ្លួននៅវេលាម៉ោង១១ ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចសួនច្បារមុខវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

ប៉ូលិសនិយាយថា បុរសជនជាតិជប៉ុនឈ្មោះ Gen Kobota ភេទប្រុស អាយុ៤១ឆ្នាំ ​រស់នៅចំណុចសួនវត្តបទុម។ មូលហេតុស្នាក់នៅតាមទីសាធារណៈគ្មានលិខិតស្នាមជាប់ខ្លួន។ ក្រោយពីការឃាត់ខ្លួនប៉ូលិសផ្នែកជំនាញ និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលចតុមុខសហការជាមួយប៉ូលិសការិយាល័យជំនាញ បានធ្វើការសាកសួរនិងនាំយកទៅពិនិត្យសុខភាពធ្វើតេស្តរកមេរោគ Covid-19 នៅមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈរាជធានីភ្នំពេញ។

ប៉ូលិសបន្តថា ដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញា បច្ចុប្បន្នបុរសជនជាតិជប៉ុនរូបនេះកំពុងស្នាក់នៅក្នុងប៉ុស្តិ៍រដ្ឋបាលចតុមុខ រង់ចាំលទ្ធផលធ្វើតេស្តរកមេរោគ Covid-19 ដើម្បីបំពេញបែបបទតាមនីតិវិធីបញ្ជូនបន្តទៅការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ៕

-->
adverise with khmeread