ឡានដឹកទំនិញបង្កប់ពលករមកពីថៃ៥នាក់ គេចមិនព្រមធ្វើចត្តាឡីស័កត្រូវបានឃាត់ខ្លួន

បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចចម្រុះនៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង បានឆែកក្នុងរថយន្តដឹកស្វាយ១គ្រឿង ដែលមានបង្កប់ពលករមកពីប្រទេសថៃ៥នាក់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលគេចមិនព្រមធ្វើចត្តាឡីស័ក១៤ថ្ងៃ ព្រមទាំងឃាត់តៃកុងឡានម្នាក់ និងព្រូឡានម្នាក់។

សមត្ថកិច្ចបានឱ្យដឹងថា ពលករទាំង៥ មានខ្មែរ ៤នាក់ និងនារីវៀតណាមម្នាក់ បន្ទាប់ពីធ្វើការឆែករួច ពលករទាំង៥នាក់ត្រូវបានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក។ ចំណែកឯអ្នកបើកបររថយន្ត និងព្រូ ត្រូវបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកកំរៀង ដើម្បីដាក់ទោសនិងផាកពិន័យ ទៅតាមនីតិវិធីនៃច្បាប់។

សមត្ថកិច្ចបន្តថា គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ក៏បានកំណត់និងដាក់ចេញបទបញ្ជាថ្មីដោយ បានហាមឃាត់ដាច់ខាតបញ្ឈប់ជាបន្ទាន់ មិនអនុញ្ញាតឱ្យមានរថយន្តតូចៗ ចេញចូល ដឹកឥវ៉ាន់ និងទំនិញពីផ្សារថៃ តាមច្រកព្រំដែនអន្តរជាតិដូង ឬច្រកឡែម ស្រុកកំរៀង ចូលមកកម្ពុជាមួយរយៈសិន។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្នុងខែកុម្ភ: ឆ្នាំ២០២១ ដោយរង់ចាំមានបទបញ្ជាជាថ្មី។

សូមបញ្ជាក់ថា ការសម្រេចបែបនេះ បានធ្វើឡើងក្រោយមានរឿងមិនប្រក្រតីមួយចំនួន ពាក់ព័ន្ធការលួចនាំមនុស្សឆ្លងដែនខុសច្បាប់តាមច្រកព្រំដែនមួយនេះ រហូតអធិការប៉ូលិសស្រុកកំរៀង គឺលោក គឹម ពន្លក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាចេញអនុក្រឹត្យបកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្រ្តីប៉ូលិសជាតិ រហូតចាត់វិធានការតាមផ្លូវតុលាការទៀត ដោយសារតែបានដោះលែងមេខ្យល់។

ក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្រ្តីប៉ូលិសជាតិ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យលោកអភិបាលខេត្ត និងលោកអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឱ្យខានតែបាន ជាការព្រមានដល់ជនទាំងឡាយផ្សេងទៀតកុំឲ្យប្រព្រឹត្តទង្វើបែបនេះ៕

-->
adverise with khmeread