Sergio Ramos គ្រោងនឹងចាកចេញពីក្លឹប Real Madrid នៅរដូវក្តៅនេះ

        ខ្សែការពារ Sergio Ramos នឹងចាកចេញពីក្លឹប Real Madrid នៅពេលចប់កិច្ចសន្យានៅដំណាច់ខែមិថុនា ហើយគ្មានផ្លូវដែលកីឡាកររូបនេះត្រឡប់ថយក្រោយមកកាន់ក្លឹបនៅក្របខណ្ឌ La Liga វិញនោះទេ នេះបើតាមការលើកឡើងរបស់បណ្តាញព័ត៌មាននៅអេស្ប៉ាញ។

        ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះលេងបានជាង ៦៥០លើកនិងរកបាន ១០០គ្រាប់សម្រាប់ក្លឹបយក្សនៅក្របខណ្ឌ La Liga ចាប់តាំងពីផ្ទេរមកលេងនៅពហុកីឡាដ្ឋាន Santiago Bernabeu កាលពីឆ្នាំ ២០០៥។

        ប៉ុន្តែ Ramosកំពុងតែមានការលំបាកក្នុងការព្រមព្រៀងទទួលយកកិច្ចសន្យាលេងថ្មីជាមួយក្លឹប Real ចំពេលមានព័ត៌មានថា អាចផ្ទេរទៅចូលរួមជាមួយក្លឹបនៅអង់គ្លេស Manchester United ឬក្លឹបយក្សបារាំង PSG ស្របពេលអ្នកកាសែត Josep Pedrerol អះអាងថា ពិបាកនឹងមានដំណោះស្រាយវិជ្ជមាន ខណ:ជម្លោះកំពុងបន្តកើតមាន។

        លោក Pedrerol បានអះអាងថា " Sergio Ramos នឹងចាកចេញពីក្លឹប Real Madrid ។ ខ្ញុំមិនគិតថា មានលទ្ធភាពដែលកីឡាកររូបនេះនឹងបន្តនៅទៀតណាស់។ គ្មានផ្លូវត្រឡប់មកវិញទេ"។

        លោកបន្តថា " ក្លឹប Real Madrid ជឿថា នេះគឺជាការពិត ហើយជឿថា Ramos ស័ក្តិសមនឹងចុះហត្ថលេខាលេងឲ្យក្លឹបណាមួយដែលគាត់ចង់ មុនពេលបញ្ចប់អាជីព"។

        តាមព័ត៌មានថា Ramos បានបដិសេធការផ្តល់កិច្ចសន្យាលេងពីរឆ្នាំទៀត ស្របពេលកាត់ប្រាក់ឈ្នួល ១០ភាគរយ ដោយសារតែវិបត្តិជំងឺកូវីដ៕

adverise with khmeread