ព័ត៌មានបន្ថែមស្តីពីរថយន្តដឹកដីបុករះយានយន្តជាច្រើនគ្រឿងកំពុងឈប់ស្តុបស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់នៅខណ្ឌដង្កោ

ភ្នំពេញ ៖ អ្នកបើកបរម៉ូតូកង់បីម្នាក់បានបាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ ខណៈធ្វើដំណើរលើម៉ូតូកង់បីឈប់ស្តុប ក៏ត្រូវរថយន្តដឹកដីមកបុកពីក្រោយ និងបន្តបុកយានយន្តជាច្រើនគ្រឿងទៀត នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចស្តុបបាគូ ក្នុងសង្កាត់- ខណ្ឌដង្កោ។

សមត្ថកិច្ចនិយាយថា រថយន្តបង្កម៉ាកនីសាន់ ជាប្រភេទរថយន្តដឹកដី ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2760 បើកបរដោយបុរសម្នាក់រត់គេចបាត់។ ឯអ្នកដែលស្លាប់ នៅមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ជាអ្នកបើកបរម៉ូតូកង់បី ដឹកភ្ញៀវ២នាក់ ប្រុសម្នាក់និងស្រីម្នាក់រងរបួសធ្ងន់ទាំង២នាក់។ រួមជាមួយរថយន្តកុងតឺន័រ និងរថយន្តម៉ាកព្រូស២គ្រឿងទៀត ក៏រងការខូចខាត។ 

ប្រភពពីសមត្ថកិច្ចបន្តថា មុនពេលកើតហេតុ យានយន្តរងគ្រោះទាំងអស់បានឈប់រង់ចាំស្តុប លើបណ្ដោយផ្លូវ៥០ម៉ែត្រ ស្រាប់តែមានរថយន្តបង្កដឹកដីបើកមកក្នុងល្បឿនលឿន ទិសដៅពីកើតមកលិច មកបុកម៉ូតូកង់បីពីក្រោយបណ្ដាលឱ្យផ្ទប់ជាមួយ រថយន្តកុងតឺន័រផ្នែកខាងក្រោយ ហើយរថយន្តបង្ក ក៏បន្តទៅបុករថយន្តតូយ៉ូតាព្រូស២គ្រឿងទៀត បណ្ដាលឱ្យ មានអ្នករបួសធ្ងន់៣នាក់ រួចបញ្ជូនទៅពេទ្យឯកជន ហើយក៏មានម្នាក់បានផុតដង្ហើម នៅសល់២នាក់កំពុងសង្គ្រោះនៅឡើយ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យកយានយន្តទាំងនោះទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ លើកលែងតែរថយន្តព្រូស១គ្រឿង ខូចខាតល្មម ម្ចាស់មិនទាមទារសំណង សុំយកទៅជួសជុលខ្លួនឯង៕

-->
adverise with khmeread