នារីម្នាក់កាន់បង្វិចទៅរកប្ដីតែប្ដីនិងគ្រួសារប្ដីមិនទទួលស្គាល់ ក៏សម្រេចចិត្តមកលោតទឹក២លើក

ភ្នំពេញ ៖ នារីម្នាក់ប៉ងលោតចូលទឹកទន្លេតែត្រូវបានពលរដ្ឋនិងប៉ូលិសជួយឃាត់ទាន់ បន្ទាប់ពីនារីរូបនេះមានវិបត្តិផ្លូវចិត្ត កាន់បង្វិចខោអាវតាមរកប្ដីដល់ផ្ទះ តែត្រូវប្ដីនិងគ្រួសារប្ដី បដិសេធមិនឱ្យចូល និងមិនទទួលស្គាល់ ទើបអស់សង្ឃឹមធ្វើដំណើរមកលើស្ពានជ្រោយចង្វារចាស់ ដើម្បីលោតចូលទឹកទន្លេបញ្ចប់ជីវិត បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ​៧និង៣០ នាទីយប់ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១​ សង្កាត់-ខណ្ឌជ្រោយចង្វារ​។

នារីរូបនោះបានប្រាប់ថា ​គាត់ឈ្មោះ​ ចែត រ័ត្នធី មុខរបរអ្នករាប់លុយ(ពីមុន) មានស្រុកកំណើត នៅខេត្តសៀមរាម​ សព្វថ្ងៃស្នាក់នៅផ្ទះជួលម្តុំផ្សារស៊ីលិប រស់នៅជាមួយប្ដីឈ្មោះភា រ៉ា មុខរបររកស៊ី (លក់ឡាន) បានស្រឡាញ់គ្នារយៈពេល១ឆ្នាំជាង ដោយសែនព្រេនបន្តិចបន្តួច មិនបានរៀបអាពាហ៍ពិពាហ៍ ឬមានអេតាស៊ីវិលនោះឡើយ តែពួកគាត់រួមរស់ជាមួយគ្នា ដូចប្ដីប្រពន្ធអញ្ចឹង ដោយមានកូនក្នុងផ្ទៃចំនួន៥ខែទៀតផង។ 

នារីដដែលបានបន្តថា​ ពួកគាត់ឈ្លោះគ្នាចំនួន៣ថ្ងៃមកហើយ​ដោយប្ដីរបស់គាត់ រត់ទៅនៅផ្ទះម្ដាយនៅម្ដុំទួលសង្កែ​ ទោះបីគាត់ខលហៅយ៉ាងណាក៏មិនមក​ រហូតដល់ថ្ងៃកើតហេតុ​ គាត់បានវេចខោអាវ ជិះម៉ូតូកង់បីឥណ្ឌាមកផ្ទះខាងប្ដី​ តែត្រូវបានប្ដីមិនទទួលស្គាល់​ ហើយម្ដាយក្មេក បណ្តេញចេញពីផ្ទះមិនទទួលស្គាល់ជាកូនប្រសាទៀត ទើបគាត់តូចចិត្តនឹកអស់សង្ឃឹមក្នុងខ្លួនតែម្តង។ 

ក្រោយការសាកសួរដើមហេតុ និងពន្យល់កុំឱ្យគិតខ្លីចប់សព្វគ្រប់ពីសមត្ថកិច្ច រួចឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែស្រាប់តែដល់ម៉ោង១២ និង២០នាទី យប់រំលងអធ្រាត្រក៏ភ្ញាក់ផ្អើល នារីខាងលើមកលោតទឹកសម្លាប់ខ្លួននៅមុខព្រះអង្គដង្កើ ត្រូវបានប្រជាពលរដ្ឋជួយស្រង់បានមកវិញ រួចនាំទៅប៉ុស្តិ៍រដ្ឋបាលជ័យជំនះ ដើម្បីសួរទៅរកសាច់ញាតិដល់ផ្ទះតែម្តង៕

-->
adverise with khmeread