យុវជនម្នាក់បើកម៉ូតូផ្លូវកោងលឿនពេក បុកខឿននិងបង្គោលភ្លើងស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់បើកម៉ូតូលឿនពេក ដល់ផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលបុកខឿនបែងចែកទ្រូងផ្លូវនិងបង្គោលភ្លើង កាលវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ថ្ងៃពុធទី១៧ ខែកម្ភៈ ឆ្នាំ២០២១ ផ្លូវវេងស្រេង ចំណុចទល់មុខបញ្ជាការដ្ឋានកងអាវុធហត្ថរាជធានីភ្នំពេញ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ គុយ វាសនា អាយុ២៨ឆ្នាំ ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជិះម៉ូតូម្នាក់ឯងម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IL-8257។ 

ប្រភពពីពលរដ្ឋបានឱ្យដឹងថា ដំបូងគេឃើញយុវជនខាងលើជិះម៉ូតូធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន, ខណៈមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវកោង ក៏ជ្រុលទៅបុកខឿនផ្លូវពេញទំហឹងផ្លោងបោកផ្ទប់បង្គោលភ្លើងបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្តង។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង និងធ្វើកំណត់ហេតុ ​ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ប្រគល់ជូនវិញ ៕ 


 

-->
adverise with khmeread