របាយការណ៍អាមេរិក ៖ Hacker កូរ៉េខាងជើងព្យាយាមលួចរូបមន្តផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer

កាសែត The Washington Post បានរាយការណ៍ថា ថ្មីៗនេះពួក Hacker កូរ៉េខាងជើងបានពាក់ព័ន្ធក្នុងគោលដៅនិងប៉ុនប៉ងលួចយកព័ត៌មានស្តីពីវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer។

កាសែតនេះបានរាយការណ៍ថាសេវាកម្មស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបានជូនដំណឹងដល់សមាជិកសភាកូរ៉េខាងត្បូងអំពីការគំរាមកំហែងនេះអំឡុងពេលសន្និសីទកាសែតបិទទ្វារមួយកាលពីដើមសប្តាហ៍នេះ។

យោងតាមកាសែត The Post លោក Ha Tae-keung សមាជិកសភានិងជាសមាជិកគណៈកម្មាធិការបានរាយការណ៍យ៉ាងខ្លីអំពីបញ្ហានេះថា ក្រុម Hacker បានព្យាយាមលួចទិន្នន័យវ៉ាក់សាំងកូវីដ១៩ និងបច្ចេកវិជ្ជារបស់ក្រុមហ៊ុន Pfizer ផ្សេងទៀត ដែលបង្កើតឡើងអំឡុងជំងឺរាតត្បាត។ លោកបានកត់សម្គាល់ថា កូរ៉េខាងត្បូងបានឃើញមានការកើនឡើង ៣២ ភាគរយក្នុងឆ្នាំកន្លងមកនៅក្នុងការវាយប្រហារតាមអ៊ីនធឺណេតពីកូរ៉េខាងជើង។

គេមិនទាន់ដឹងច្បាស់ទេថាតើកិច្ចប្រឹងប្រែងលួចទិន្នន័យពីសំណាក់កូរ៉េខាងជើងទទួលបានជោគជ័យឬយ៉ាងណា។

ក្រុមហ៊ុន Pfizer មិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺរបស់កាសែត The Post ទេ។

ដំណឹងនេះកើតឡើងចំពេលក្រុមឧក្រិដ្ឋជនវាយប្រហារអ៊ីនធឺណេតទាំងក្នុងនិងក្រៅប្រទេសបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងឆ្នាំកន្លងទៅដើម្បីទទួលបានរូបមន្តវ៉ាក់សាំងការពារកូវីដ១៩ និងការស្រាវជ្រាវវេជ្ជសាស្ត្រពាក់ព័ន្ធដទៃទៀត។

វ៉ាក់សាំងរបស់ Pfizer ដែលអភិវឌ្ឍជាមួយក្រុមហ៊ុន BioNTech គឺជាវ៉ាក់សាំងមួយដែលរងផលប៉ះពាលពីការរំលោភទិន្នន័យរបស់ទីភ្នាក់ងារឱសថអឺរ៉ុបរបស់សហភាពអឺរ៉ុបកាលពីខែធ្នូ។ ពួក Hacker អាចទទួលបានឯកសារស្តីពីវ៉ាក់សាំងរបស់ Pfizer និងវ៉ាក់សាំងមួយទៀតដែលបង្កើតឡើងដោយក្រុមហ៊ុន Moderna ដែលឯកសារទាំងពីរត្រូវបានដាក់ឱ្យធ្វើការវាយតម្លៃនិងអនុម័តនៅក្នុងសហភាពអឺរ៉ុប។

កាលពីពេលថ្មីៗនេះប្រទេសកូរ៉េខាងជើងត្រូវបានផ្សារភ្ជាប់ទៅលើការវាយប្រហារតាមអ៊ីនធឺណេតទៅលើការស្រាវជ្រាវវ៉ាក់សាំងការពារកូវីដ១៩ ដោយសារព័ត៌មាន The Wall Street Journal បានរាយការណ៍កាលពីខែធ្នូថាពួក Hacker កូរ៉េខាងជើងបានប៉ុនប៉ងលួចចូលទៅក្នុងក្រុមហ៊ុនឱសថចំនួន ៦ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវ៉ាក់សាំងការពារកូវីដ១៩ ទាំងនៅសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង៕ 


 

-->
adverise with khmeread