ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅស្រុកអង្គស្នួល

កណ្តាល ៖ ជនសង្ស័យ២នាក់ ក្នុងនោះម្នាក់​មានដីកាបង្គាប់ឱ្យចាប់ខ្លួន​ ​និងជាប់ពាក់ព័ន្ធបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃអង្គារ​ទី១៦ ខែកុម្ភៈ​ ឆ្នាំ២០២១ វេលាម៉ោង០៧ និង០៦នាទីព្រឹកនៅចំណុច ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ខេង ភារី ហៅពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដីឡូត៍ មានទីលំនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល​។ មុខសញ្ញាខាងលើនេះធ្លាប់ជាប់ពន្ធនាគារ០២លើក​ គឺនៅលើកទី១-ជាប់នៅខេត្តកណ្តាល​ ពីបទហិង្សាដោយចេតនា​ និងលើកទី២-ជាប់នៅខេត្តកំពង់ស្ពឺ​ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង មានដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ យោងដីកាលេខ២៤៥ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល។ ចំណែកជនសង្ស័យទី២ឈ្មោះ ធឿន ចាន់នី ភេទប្រុស អាយុ៤២ឆ្នាំស្នាក់នៅភូមិ-ឃុំជាមួយគ្នា។

ប៉ូលិសបន្តថា នៅវេលាម៉ោង០៨ និង៣០ព្រឹក នាថ្ងៃខែឆ្នាំដដែល ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការប៉ូលិសខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដោយមានការចូលរួមពីលោកនាយប៉ុស្តិ៍​ លោកក្រុមប្រឹក្សា ឃុំលោកមេភូមិ នៅចំពោះមុខជនសង្ស័យ​ កម្លាំងជំនាញបានធ្វើការឆែកឆេរផ្ទះ និងរោងចិញ្ចឹមមាន់របស់ឈ្មោះ ខេង ភារី ហៅពៅ​ នៅភូមិព្រៃចំការឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ​បានរកឃើញថ្នាំញៀនចំនួន១១១កញ្ចប់តូចនិងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនដែលជនសង្ស័យ បានលាក់ទុកក្នុងកាបូបដៃហើយស៊កកប់នៅក្នុងដំបូងរោងមាន់(ដំបូលប្រក់ស្លឹក)។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ខេង ភារី បានឆ្លើយថា «ថ្នាំញៀននៅចំពោះមុខពិតជារបស់ខ្លួនពិតប្រាកដមែន ហើយថ្នាំញៀននេះខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះយកមកលក់ឱ្យនៅតាមផ្លូវជាតិលេខ៤ ម្តុំកំបូលតម្លៃ ១៥០ដុល្លារ (មួយរយហាសិបដុល្លារ)កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយខ្លួនបានយកមកលក់បន្តឱ្យទៅឈ្មោះ រី ភារុណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល»។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់៕

-->
adverise with khmeread