លេងល្បែងជល់មាន់ផង ឆ្លៀតលក់គ្រឿងញៀនផង ត្រូវប៉ូលិសវ៉ៃខ្នោះ៣នាក់នៅស្រុកអង្គស្នួល

កណ្តាល ៖ លេងល្បែងជល់មាន់ផង ឆ្លៀតលក់គ្រឿងញៀនផង ត្រូវបានប៉ូលិសចុះបង្ក្រាប កាលពីថ្ងៃចន្ទទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២និង៥០នាទីរសៀល នៅចំណុចភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយចាប់ខ្លួនជនសង្ស័យ៣នាក់ ចំណែកម្ចាស់ទីតាំងរត់គេចខ្លួនបាត់។

ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ ទូច វណ្ណនី ហៅក្រូត នៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់ទីតាំងគេចខ្លួនបាត់), ២-ឈ្មោះ ឡោ សិលា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល (ឃាត់ខ្លួន), ៣-ឈ្មោះ រុំ បូរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនបើកបររថយន្ត នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) និង៤-ឈ្មោះ លី រុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ នៅភូមិអង្គស្រែពោធិ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន ១-សត្វមាន់ជល់ចំនួន០៥ក្បាល ក្នុងនោះងាប់ចំនួន០២ក្បាល, ២-ផ្ទាំងជ័រពណ៌ខៀវព័ន្ទជុំវិញធ្វើជាសៃវៀនចំនួនមួយផ្ទាំង, ៣-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ក្រហមចំនួនមួយគ្រឿង និង៤-ម៉ូតូចំនួនបីគ្រឿង (ម៉ូតូម៉ាកហុងដា សេ១២៥ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HT-2241, ម៉ូតូម៉ាកហុងដា សេ១២៥ ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GC-1229 និងម៉ូតូម៉ាកហុងដា សេ១២៥ ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FA-9186។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្ដិ៍ទួលព្រេជបានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ថា នៅទីតាំងកើតហេតុខាងលើមាន មុខសញ្ញាកំពុងប្រើប្រាស់សារធាតុញៀន និង លេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់សត្វមាន់។ 

ភ្លាមនោះកម្លាំងប៉ូលិសផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ូលិសផ្នែកជំនាញគ្រឿងញៀន និងកម្លាំងប៉ូលិសប៉ុស្ដិ៍ទួលព្រេជ បានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ ​និងដកហូតវត្ថុតាងមួយចំនួនដូចខាងលើខាងលើ។ ចំពោះករណីនេះកម្លាំងប៉ូលិសជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

-->
adverise with khmeread