ខ្សែការពារ David Alaba បានបញ្ជាក់ថា ខ្លួននឹងចាកចេញពីក្លឹប Bayern Munich នៅដំណាច់រដូវកាលនេះ បន្ទាប់ពីចំណាយពេលជិត១៣ឆ្នាំជាមួយក្លឹបនេះ។
កីឡាករវ័យ២៨ឆ្នាំរូបនេះនឹងចាកចេញពីពហុកីឡាដ្ឋាន Allianz Arena ដោយឥតតម្លៃខ្លួនផ្ទេរនៅពេលណាកីឡាកររូបនេះចប់កិច្ចសន្យាជាមួយក្រុមជើងឯកនៅក្របខណ្ឌ Bundesliga នៅខែមិថុនា។
ក្លឹប Real Madrid, Chelsea, Liverpool និង Manchester United សុទ្ធតែត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរខ្សែការពាររូបនេះ ប៉ុន្តែកីឡាករអន្តរជាតិអូទ្រីសរូបនេះមិនបង្ហើបប្រាប់ពីក្លឹបបន្ទាប់របស់ខ្លួននោះទេ។
ថ្លែងនៅក្នុងសន្និសីទកាសែត Alaba បាននិយាយថា "ខ្ញុំបានសម្រេចចិត្តដោយផ្ទាល់ខ្លួន ដើម្បីសាកល្បងអ្វីដែលថ្មី បន្ទាប់ពីរដូវកាលនេះ ហើយនឹងចាកចេញក្លឹបនេះ។ វាមិនមែនជាការសម្រេចចិត្តដោយងាយនោះទេ។ ខ្ញុំនៅទីនេះរយៈពេល ១៣ឆ្នាំហើយក្លឹបនេះសំខាន់ណាស់ចំពោះខ្ញុំ"៕
