តារាវិទូពីររូបអះអាងថា ផ្កាយដុះកន្ទុយមកពីចុងប្រព័ន្ធសុរិយគតិទេជាអ្នកសម្លាប់ដាយណូស័រ មិនមែនអាចម៍ផ្កាយនោះទេ

កាលពី ៦៦ លានឆ្នាំមុន វត្ថុអវកាសដ៏ធំមួយបានវាយប្រហារនៅឯនាយឆ្នេរមួយដែលឥឡូវជាប្រទេសម៉ិកស៊ិក ដោយបង្កជា "រដូវរងាដ៏មហន្តរាយ" ដែលទីបំផុតបានបំផ្លាញជីវិត ៣ ភាគ ៤ នៅលើផែនដីរួមទាំងសត្វដាយណូស័រ។

តារាវិទូពីរនាក់នៅសាកលវិទ្យាល័យ Harvard និយាយថា ឥឡូវនេះពួកគេបានដោះស្រាយអាថ៌កំបាំងជាយូរមកហើយជុំវិញលក្ខណៈនិងដើមកំណើតរបស់ "ក្រហូង Chicxulub" នៅប្រទេសម៉ិកស៊ិក។

ការវិភាគរបស់ពួកគេបានបង្ហាញថា ក្រហូងនោះគឺបង្កឡើងដោយផ្កាយដុះកន្ទុយមួយ ដែលមានដើមកំណើតនៅតំបន់កម្ទេចកម្ទីទឹកកកនៅចុងនៃប្រព័ន្ធសុរិយគតិ កន្លែងដែលភពព្រហស្បតិ៍ជាអ្នកទទួលខុសត្រូវចំពោះការរុញផ្កាយដុះកន្ទុយមកបុកចូលភពផែនដីរបស់យើង ហើយយើងអាចរំពឹងមានផលប៉ះពាល់ស្រដៀងគ្នានេះរៀងរាល់ ២៥០ លានទៅ ៧៥០ លានឆ្នាំម្តង។

ឯកសាររបស់អ្នកទាំងពីរ ដែលបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Scientific Reports នៅសប្តាហ៍នេះ បានទាត់ចោលទ្រឹស្តីចាស់មួយដែលអះអាងថា វត្ថុអវកាសនោះគឺជាបំណែកនៃអាចម៍ផ្កាយមួយ ដែលមកពីក្រវាត់មេនៃប្រព័ន្ធសុរិយគតិ។

អ្នកនិពន្ធឈានមុខលោក Amir Siraj បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "ភពព្រហស្បតិ៍មានសារៈសំខាន់ណាស់ ពីព្រោះវាជាភពដែលធំជាងគេបំផុតនៅក្នុងប្រព័ន្ធសុរិយគតិរបស់យើង"។

ភពព្រហស្បតិ៍ទីបំផុតដើរតួជា "ម៉ាស៊ីនបាញ់គ្រាប់បាល់" ដែលបញ្ជូនផ្កាយដុះកន្ទុយចាស់វស្សាទៅកាន់គន្លងគោចរកៀកព្រះអាទិត្យ។

អ្វីដែលគេហៅថា "ផ្កាយដុះកន្ទុយចាស់វស្សា" នោះ គឺចេញមកពីពពក Oort ដែលគេគិតថាជាសំបករាងស្វ៊ែរដ៏ធំនៅព័ទ្ធជុំវិញប្រព័ន្ធសុរិយគតិប្រៀបបីដូចជាពពុះដែលបង្កើតចេញពីបំណែកទឹកកកប៉ុនភ្នំឬធំជាងនេះ។

ផ្កាយដុះកន្ទុយនេះត្រូវចំណាយពេល ២០០ ឆ្នាំធ្វើគោចរមកដល់ព្រះអាទិត្យ និង ត្រូវបានហៅថា "ផ្ទាំងទឹកកកព្រះអាទិត្យ"​ ផងដែរ ដោយសារតែការធ្វើដំណើររបស់វាឆ្លងកាត់កៀកព្រះអាទិត្យ។ 

ដោយសារពួកវាចេញមកពីផ្ទាំងទឹកកយ៉ាងជ្រៅនៃប្រព័ន្ធសុរិយគតិខាងក្រៅ ផ្កាយដុះកន្ទុយនេះគឺមានទឹកកកច្រើនជាងអាចម៍ផ្កាយ ហើយល្បីសម្បូរទៅដោយឧស្ម័ននិងធូលី ដែលពួកវាបានបង្កើតឡើង នៅពេលវារលាយ។

ប៉ុន្តែលោក Amir Siraj និយាយថា ផលប៉ះពាល់នៃកម្តៅព្រះអាទិត្យទៅលើ "ផ្ទាំងទឹកកកព្រះអាទិត្យ" គឺគ្មានអ្វីអាចប្រៀបធៀបផ្ទឹមបានទៅនឹងកម្លាំងជំនោរដែលពួកវាបញ្ចេញនោះឡើយ នៅពេលផ្នែកម្ខាងរបស់វាប្រឈមនឹងព្រះអាទិត្យរបស់យើង។

លោក Amir Siraj និយាយថា "ជាលទ្ធផល ផ្កាយដុះកន្ទុយទាំងនេះបញ្ចេញនូវកម្លាំងជំនោរដ៏ធំបំផុតមួយ ដែលបំណែកខ្លួនធំបំផុតរបស់វានឹងបែកជាបំណែកៗរាប់ពាន់ដុំ ដែលធំល្មមដើម្បីបង្កើតក្រហូង Chicxulub ឬព្រឹត្តិការណ៍សម្លាប់ដាយណូស័រនៅលើផែនដី"៕ ប្រភព ៖ Bangkok Post

adverise with khmeread

អ្នកនឹងចូលចិត្ត