adverise with khmeread Crop exact full image

ប៉ាក​គី​អៅ​សើច​ស្វា ពេល​អ្នកកាសែត​រំអុក​ឱ្យ​ប្រកាស​ចូលនិវត្តន៍​ជា​ស្ថាពរ​!

​    ​មែន​នី ប៉ាក​គី​អៅ​បាន​សារភាពថា គាត់​កំពុងស្ថិត​ក្នុងការ​សម្រេច​ចិត្ត ៥០-៥០ អំពី​ការចូលនិវត្តន៍ បន្ទាប់ពី​និយាយ​លា​ចុងក្រោយ​ចំពោះ​វិស័យ​ប្រដាល់​កាលពី​ថ្ងៃ​សៅរ៍ (​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា​) ជាមួយនឹង​ការបញ្ចេញ​សមត្ថភាព​ដ៏​អស្ចារ្យ​ដើម្បី​ផ្តួល​គូប្រជែង​ម៉ឺន​ឆ្នាំ ធី​ម ប្រ៊ែ​ត​លី​។ 

​    ​អ្នក​ប្រដាល់​ហ្វ៊ី​លី​ពី​ន​វ័យ ៣៧ ឆ្នាំ​រូបនេះ​បាន​សន្យា​នាំមក​ជូន​នូវ​ការប្រកួត​ដ៏​ល្អមើល​បំផុត ហើយ​គាត់​មិនបាន​ធ្វើឱ្យ​ទស្សនិកជន ១៤.៦៦៥ នាក់ ដែល​ប្រជ្រៀត​គ្នា​មក​សង្វៀន MGM Grand Garden Arena ដើម្បី​មើល​ការប្រកួត​ចុងក្រោយ​របស់​និមិត្ត​រូបអ្នក​ប្រដាល់​ហ្វ៊ី​លី​ពី​ន​រូបនេះ​ខកចិត្ត​នោះឡើយ​។ 

​    ​ប៉ាក​គី​អៅ ដែលជា​កីឡាករ​ប្រដាល់​តែ​ម្នាក់​គត់​ដែល​ដណ្តើមបាន​ខ្សែក្រវាត់ ៨ ប្រភេទ​ទម្ងន់​ផ្សេងៗ​គ្នា បាន​បញ្ចេញ​កណ្តាប់ដៃ​ដ៏​រហ័ស​ដូច​ផ្លេកបន្ទោរ និង​បាន​វាយ​អុកគូថ​ប្រ៊ែ​ត​លី​ពីរដង​អំឡុង​ការប្រកួត​ដែល​រូបគេ​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯក​ឆន្ទ ១១៦-១១០​។ 

​    ​វា​ជា​ប្រភេទ​ការប្រកួត​មួយ​ដែល​ក្រុម​អ្នកគាំទ្រ​ប៉ាក​គី​អៅ​ជឿជាក់ថា អាច​នឹង​ជំរុញ​ទឹកចិត្ត​គាត់​ឱ្យ​ពន្យារពេល​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​ដែល​រក​ចំណូល​ឱ្យ​គាត់​ជាង ៥០០ លាន​ដុល្លារ​ក្នុង​រយៈពេល ២១ ឆ្នាំ​មក​នោះ​។​

​    ​ក្នុង​ទឹកមុខ​ញញឹម​រីករាយ ប៉ាក​គី​អៅ​ក្រោយមក​បានបង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​អ្នកកាសែត និង​បាន​ទទួលស្គាល់ថា ខណៈ​រូបគេ​កំពុង​គិត​មិន​ដាច់ស្រេច​អំពី​ការចូលនិវត្តន៍ ការសម្រេចចិត្ត​របស់​គាត់​ឥឡូវនេះ​គឺ​ត្រូវ​ចំណាយពេល​ជាមួយ​គ្រួសារ​សិន មុនពេល​ផ្តោតលើ​អាជីព​នយោបាយ​ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន​។ 

​    ​ពេល​ត្រូវបាន​សួរថា គាត់​នឹង​បម្រើ​ប្រទេសជាតិ​តាមរយៈ​ការបន្ត​ការប្រកួត​ប្រដាល់​ឬ​យ៉ាងណា ប៉ាក​គី​អៅ​បាន​និយាយថា គាត់​បាន​សន្យារ​នឹង​គ្រួសារ​ហើយ​ថា​នឹង​ចូលនិវត្តន៍​ហើយ​។​

​    ​លោក​បន្តថា "​សូមឱ្យ​ខ្ញុំ​រីករាយ​នឹង​ជីវិត​ចូលនិវត្តន៍​លើកទីមួយ​សិន​។ ខ្ញុំ​មិនទាន់​ភ្លក្ស​រសជាតិ​ចូលនិវត្តន៍​នៅឡើយ​ទេ ដូច្នេះ​ខ្ញុំ​មិនដឹងថា​វា​មាន​អារម្មណ៍​បែបណា​ទេ​។ ប៉ុន្តែ​ខ្ញុំ​បានធ្វើការ​ប្តេជ្ញាចិត្ត​ចំពោះ​គ្រួសារ​ខ្ញុំ​ហើយ​។ ខ្ញុំ​បានសម្រេច​ចិត្ត​រួចហើយ​"​។ 

​    ​ដោយ​ត្រូវបាន​អ្នកកាសែត​សួរ​ជជីក​ឱ្យ​ប្រកាស​ចូល​និ​វិត្ត​ន៍​ជា​ស្ថាពរ ប៉ាក​គី​អៅ​បែរជា​សើ​ស​ស្វា​ទៅវិញ​។ 

​    ​ប៉ាក​គី​អៅ​និយាយថា "​ចិត្ត​របស់ខ្ញុំ​គឺ ៥០-៥០​។ ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​គ្រួសារ​របស់ខ្ញុំ​។ ខ្ញុំ​គោរព​គ្រួសារ កូនៗ​ខ្ញុំ​...​ឥឡូវនេះ ការសម្រេចចិត្ត​របស់​ខ្ញុំ​គឺ​ចូលនិវត្តន៍​សិន​"​។ 

​     គ្រូបង្វឹក​ប៉ាក​គី​អៅ លោក ហ្វ្រេ​ដ​ឌី រ៉ូ​ច បាន​ទទួលស្គាល់ថា លោក​សង្ឃឹមថានឹង​ឃើញ​អ្នក​ប្រដាល់​ហ្វ៊ី​លី​ពី​ន​រូបនេះ​ប្រកួត​បន្តទៀត​។ 

​    ​លោក​រ៉ូ​ច​បាន​និយាយថា "​ខ្ញុំ​ចង់ឃើញ​គាត់​ប្រដាល់​ម្តងទៀត​"​។ ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា លោក​នឹង​គាំទ្រ​រាល់​ការសម្រេចចិត្ត​របស់​ប៉ាក​គី​អៅ​។​

​    ​គួរ​បញ្ជាក់ថា ក្រោយ​ផ្តួល​ប្រ៊ែ​ត​លី អ្នក​ប្រដាល់​រូបនេះ​បានទទួល​សាច់ប្រាក់​ចំនួន ២០ លាន​ដុល្លារ នេះ​បើ​យោងតាម Top Rank​។ នេះ​មិន​រាប់បញ្ចូល​ថ្លៃ​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ពី​បណ្តា​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍​នោះទេ​៕

ប្រភព៖ បាងកកប៉ុស្តិ៍ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់