បុរសម្នាក់មានជំងឺប្រចាំកាយយូរឆ្នាំ,បានសម្រេចចិត្តចងកសម្លាប់ខ្លួន

ពោធិ៍សាត់ ៖​ មានករណីបុរសពោះម៉ាយ មានកូនម្នាក់បានចងកធ្វើអត្តឃាតខ្លួនឯងដោយសារមានជំងឺប្រចាំកាយ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី១៧ខែកុម្ភៈ​ ឆ្នាំ២០២១វេលាម៉ោង៦និង៣០នាទីនៅចំណុចភូមិកោះស្វាយ ឃុំត្រពាំងជងស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនិយាយថា បុរសដែលបានធ្វើអត្តឃាត ឈ្មោះ សិត ម៉ើ (ហៅទ្រី) ភេទប្រុស អាយុ៦០ឆ្នាំ​ ជាបុរសពោះម៉ាយមានកូនម្នាក់ឈ្មោះ ជា ទិត្យ ភេទប្រុស អាយុ២៧ឆ្នាំ (មានសតិមិនល្អ​) ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលត្រពាំងជងសហការជាមួយមន្ត្រីផ្នែកជំនាញ ស្រុកនិងអាជ្ញាធរភូមិឃុំ ចុះមកពិនិត្យទីកន្លែងកើតហេតុជាក់ស្តែងគឺសពឈ្មោះ សិតម៉ើ បានចងកនៅដើមកន្ទោបចងខ្សែអង្រឹងពណ៌ខ្មៅជើងផុតពីដីកម្ពស់០៤តឹក។

តាមការបំភ្លឺពីសាច់ញាតិបញ្ជាក់ថា «សពឈ្មោះ សិត ម៉ើ មានជំងឺប្រចាំកាយនិងជំងឺឫសដូង បាត ជាប្រចាំហើយសពពិតជាបានធ្វើអត្តឃាតចងកស្លាប់មែន»។

ក្រោយពីបានពិនិត្យសមត្ថកិច្ចចម្រុះក៏បានសន្និដ្ឋានថា «សពឈ្មោះ សិត ម៉ើហៅ (ទ្រី) អាយុ ៦០ ឆ្នាំពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន»​ ហើយសមត្ថកិច្ចជំនាញបានប្រគល់សាកសពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread