សមត្ថកិច្ចចម្រុះឃាត់មេខ្យល់២នាក់នាំមនុស្សឆ្លងដែនខុសច្បាប់ចូលមកខេត្តកំពត

កំពត ៖ កម្លាំងវរៈសេនាតូច ប៉ូលិសការពារព្រំដែនគោកលេខ៦០១ សហការជាមួយកម្លាំងតំបន់សឹករងខេត្តកំពត បានឃាត់ខ្លួនមេខ្យល់បុរសជនជាតិខ្មែរ២នាក់ ដែលបាននាំប្រជាពលរដ្ឋវៀតណាម៣នាក់ (ស្រី០២នាក់) ឆ្លងដែនខុសច្បាប់ចូលមកខេត្តកំពត តាមភូមិសាស្ត្រ ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច កាលពីវេលាម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា ក្រោយឃាត់ខ្លួននិងសាកសួរតាមនីតិវិធី សមត្ថកិច្ចបានប្រគល់ពលរដ្ឋវៀតណាមទាំង០៣នាក់នោះ ជូនយោធាការពារព្រំដែនវៀតណាមវិញ ដើម្បីធ្វើចត្តាឡីស័ក និងបានសំណូមពរភាគីវៀតណាមក្រោយពេលធ្វើចត្តាឡីស័ករួច សូមផ្តល់លទ្ធផលនៃការធ្វើតេស្តនេះមកសមត្ថកិច្ចកម្ពុជាវិញ។ ដោយឡែកមេខ្យល់ជនជាតិខ្មែរទាំង០២នាក់ សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការប៉ូលិសខេត្តកំពតបញ្ជាក់ថា អនុវត្តតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កម្លាំងសមត្ថកិច្ចគ្រប់ផ្នែកនិងរដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តកំពត បានធ្វើប្រតិបត្តិការត្រួតពិនិត្យចរាចរណ៍ចេញ-ចូលនៅតាមច្រកព្រំដែនជាប់ប្រទេសជិតខាង ក៏ដូចជានៅតាមមូលដ្ឋាន ដើម្បីអនុវត្តវិធានការធ្វើចត្តាឡីស័ក៕

-->
adverise with khmeread