ឃាត់ជនសង្ស័យប្រុសស្រី៤នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅ ខណ្ឌសែនសុខ និងនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានឆ្មក់ចូលបង្រ្កាបករណីជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់ស្រែផល នៅខណ្ឌសែនសុខ និងនៅខណ្ឌពោធិ៍សែនជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ជាបន្តបន្ទាប់និងវត្ថុតាងគ្រឿងញៀន នារសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ដោយបានការសម្របសម្រួលនីតិវិធីពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យប៉ូលិសប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងថា កិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀនធ្វើឡើងខណៈដែលជនសង្ស័យគ្រឿងញៀនទាំងនេះកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង ហើយជនសង្ស័យនៅពេលឃើញសមត្ថកិច្ចចូលទៅបង្រ្កាបក៏បានក្រវាត់គ្រឿងញៀនចេញពីបន្ទប់ផ្ទះសំណាក់ដើម្បីបំផ្លាញភស្ថុតាងក្រោយពេលដែលកម្លាំងការិយាល័យជំនាញបានស្រាវជ្រាវស៊ើបអង្កេតលើមុខសញ្ញាជនសង្ស័យគ្រឿងញៀនទាំងនោះជាយូរមកហើយ។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច បន្តថា នៅចំណុចផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទេព ដារាស័ក្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកឥវ៉ាន់អនឡាញ។ ដកហូតវត្ថុតាង គ្រឿងញៀនក្រាមពណ៌សចំនួន០២កញ្ចប់តូចនិងធំ, និងម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទ០៣គ្រឿង។

យោងតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះ ទេព ដារាស័ក្ត និងមានការសហការពីប៉ូលិសខណ្ឌសែនសុខ ប៉ូលិសបានបន្តធ្វើការឆែកឆេរ បន្ទប់លេខ១៣ ផ្ទះសំណាក់ស្រែផល ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ តាន់ ហុកសេង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីប៉ូលិស។ ដកហូតវត្ថុតាងថ្នាំញៀនក្រាមពណ៌សចំនួន០៣កញ្ចប់ធំដែលជនសង្ស័យឈ្មោះ តាន់ ហុកសេង ​បានទម្លាក់គ្រឿងញៀនចេញមកក្រៅតាមបង្អួចដើម្បីបំផ្លាញវត្ថុតាង និងក៏បានរកឃើញវត្ថុតាងជញ្ជីងថ្លឹងគ្រឿងញៀនអេឡិចត្រូនិចចំនួន០១គ្រឿង, ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ទូរស័ព្ទចំនួន០២គ្រឿង។

លោកបន្តថា បន្តមកទៀតប៉ូលិសធ្វើការឆែកឆេរបន្ទប់លេខ១៤ សមត្ថកិច្ចក៏បានរកឃើញឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ជាបន្តកម្លាំងការិយាល័យជំនាញមានការសហការពីប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានធ្វើការឆែកឆេរផ្ទះលេខ៩០ ផ្លូវលេខ២៤ បូរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យបក្ខពួក២នាក់បន្តទៀត។ ជនសង្ស័យ ១-ឈ្មោះ ទេព ផលរាជនី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ និង២-ឈ្មោះ ឡូញ ពិសី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងដកហូតវត្ថុតាងជាឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់និងវត្ថុតាងគ្រឿងញៀនត្រូវបានកម្លាំងប៉ូលិសការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


 

-->
adverise with khmeread