សិង្ហបុរីកំពុងស៊ើបអង្កេតពលករបរទេសកាន់សញ្ញាបត្រសាកលវិទ្យាល័យក្លែងក្លាយដើម្បីសុំបណ្ណអនុញ្ញាតការងារ

ក្រសួងការងារសិង្ហបុរី (MOM) កំពុងស៊ើបអង្កេតអ្នកកាន់បណ្ណអនុញ្ញាតការងារចំនួន ១៥ នាក់ដែលកំពុងធ្វើការនៅសិង្ហបុរី ដែលមានសញ្ញាបត្រប្រកាសពីសាកលវិទ្យាល័យ Manav Bharti នៅក្នុងពាក្យសុំលិខិតឆ្លងដែនការងាររបស់ពួកគេ។

កាសែត Times of India (TOI) បានរាយការណ៍កាលពីដើមខែនេះថា សាកលវិទ្យាល័យឥណ្ឌាក្នុងរដ្ឋ Himachal Pradesh មួយនេះបានលក់សញ្ញាបត្រក្លែងក្លាយ ៣៦.០០០ សន្លឹកក្នុងអំឡុងរយៈពេល ១១ ឆ្នាំ។

ក្រុមស៊ើបអង្កេតពិសេសរបស់ឥណ្ឌាបានរកឃើញថា ក្នុងចំណោមសញ្ញាបត្រ ៤១.០០០ សន្លឹកចេញដោយសាកលវិទ្យាល័យនេះគឺមានតែ ៥.០០០ ប៉ុណ្ណោះ ដែលពិតប្រាកដ។

ក្រសួងការងារនិយាយកាលពីថ្ងៃពុធ (១៧ កុម្ភៈ) ថាប្រសិនបើអ្នកកាន់បណ្ណអនុញ្ញាតការងារត្រូវបានរកឃើញថាប្រកាសមិនពិតនូវវប្បធម៌ទូទៅនៃការអប់រំរបស់ខ្លួន នោះបណ្ណអនុញ្ញាតការងារនឹងត្រូវដកហូតវិញភ្លាម ហើយពួកគេនឹងត្រូវបញ្ឈប់ពីការងារជាអចិន្ត្រៃយ៍នៅប្រទេសសិង្ហបុរី។

ក្រសួងនិយាយថា "យើងក៏អាចនឹងកាត់ទោសពួកគេក្រោមច្បាប់ស្តីពីកម្លាំងពលកម្មបរទេសផងដែរ។ បទល្មើសនេះត្រូវពិន័យជាប្រាក់រហូតដល់ ២ ម៉ឺនដុល្លារ ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ឬ ពិន័យទាំងប្រាក់ជាប់ទាំងគុកទៀត"។ 

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ជនបរទេសជាមធ្យមចំនួន ៦៦០ នាក់ត្រូវបានហាមឃាត់ជារៀងរហូតរាល់ឆ្នាំពីការបំពេញការងារនៅប្រទេសសិង្ហបុរីពីព្រោះពួកគេបានដាក់សញ្ញាបត្រក្លែងក្លាយនៅក្នុងពាក្យសុំបណ្ណអនុញ្ញាតការងារ៕ ប្រភព ៖ ប្រភព ៖ straitstimes

-->
adverise with khmeread