បើកម៉ូតូវ៉ាជែងកុងតឺន័រប៉ះខឿនផ្លូវដួលត្រូវរថយន្តកុងតឺន័រកិនស្លាប់ម្នាក់, របួសម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួស ខណៈបើកម៉ូតូលឿន វ៉ាជែងរថយន្តកុងតឺន័រជ្រុលប៉ះខឿនថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួល ក៏ត្រូវរថយន្តកុងតឺន័របើកមកពីក្រោយកិនស្លាប់ នៅវេលាម៉ោង១០ និង៤៥នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ សៀក សុខា ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់) មុខរបរកម្មកររោងចក្រនៅបែកចាន ស្នាក់នៅជិតកន្លែងធ្វើការ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជាអ្នកបើកម៉ូតូ។ ចំណែកអ្នកអង្គុយពីក្រោយរងរបួស មិនត្រូវបានស្គាល់ឈ្មោះនោះទេ ជិះម៉ូតូម៉ាកស៊ុយសាគីលែក ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1HB-5569។

ចំពោះរថយន្តកុងតឺន័រ ក្បាលពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-4344 បើកបរដោយបុរសម្នាក់ឈ្មោះរិន ដាលុច ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅស្រុកទ្រាំង ខេត្តតាកែវ (ឃាត់ខ្លួន)។

យោងតាមសម្ដីសាក្សីនិយាយថា ដំបូងម៉ូតូរងគ្រោះបើកម៉ូតូតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ហើយបានវ៉ាជែងរថយន្តកុងតឺន័រ ក៏ជ្រុលទៅប៉ះខឿនថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យដួលខ្ទាតមនុស្សចូលកង់ក្រោយកិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួស។

បន្ទាប់មករថយន្តកុងតឺន័រ បានបើករត់គេចតែសមត្ថកិច្ចដេញតាមពីក្រោយ រហូតដល់តំបន់សេដ្ឋកិច្ចពិសេសខណ្ឌកំបូល ទើបចាប់បានទាំងរថយន្ត ទាំងអ្នកបើកបរ។ ចំណែកសព ត្រូវបានសាច់ញាតិទទួលយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ 


 

-->
adverise with khmeread