កំពុងស៊ីការ មានទំនាស់វាយគ្នាឱ្យរបួសត្រូវប៉ូលិសឃាត់ខ្លួន

ពោធិ៍សាត់ ៖​  បុរសម្នាក់ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនពីបទ «ប្រើហិង្សាដោយចេតនាបង្កឲ្យមានរបួសស្នាម» កើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១  នៅចំណុចរោងការផ្ទះរបស់បងប្រុសឈ្មោះ ហឹម ហ៊ន អាយុ៥៦ឆ្នាំ ស្ថិតនៅភូមិត្រាចក្រោលឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដំបូងបងប្រុសឈ្មោះ​ ហឹម ហ៊ន បានរៀបចំមង្គលការកូននៅចំណុចខាងលើ។ លុះដល់ថ្ងៃកើតហេតុជនបង្កឈ្មោះ ឡាច ឡាយ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបងនិងជនរងគ្រោះឈ្មោះ ដូត នឹម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រាចក្រោល ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

អ្នកទាំងពីរក៏បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការនេះផងដែរ, ​ខណ:កំពុងស៊ីការស្រវឹងរៀងៗខ្លួនអ្នកទាំងពីរនាក់ទាក់សំដីគ្នា បង្កឱ្យមានទំនាស់ពាក្យសំដីធ្វើឱ្យជនសង្ស័យឈ្មោះ​ ឡាច ឡាយ ទប់កំហឹងមិនបានស្ទុះទៅវាយជនរងគ្រោះឈ្មោះ ​ដូត នឹម បណ្តាលឱ្យរងរបួសលើផ្ទៃមុខនិងក្បាលក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាកាន។

ឯជនសង្ស័យឈ្មោះ ឡាច ឡាយ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលបឹងខ្នារដើម្បីធ្វើការសួរនាំនិងចាត់ការបន្តទៅតាមនីតិវិធី៕

-->
adverise with khmeread