ក្លឹប Chelsea គឺជាក្រុមមួយក្នុងចំណោមក្រុមនាំមុខគេនៅតំបន់អឺរ៉ុបដែលចាប់ អារម្មណ៍ចង់បានខ្សែការពារ Niklas Sule របស់ក្លឹប Bayern Munich នេះបើតាមសេច ក្តីរាយការណ៍នៅប្រទេសអាល្លឺម៉ង់។
លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុម Chelsea អន្ទះសាចង់រុះរើប្រព័ន្ធការពារនៅរដូវក្តៅនេះ បន្ទាប់ពីលោកចូលរួមជាមួយក្លឹបនេះកាលពីខែមុន បន្ទាប់ពីក្លឹបបានបណ្តេញលោក Frank Lampard ។
Sule ជាកីឡាករអន្តរជាតិជាតិអាល្លឺម៉ង់បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរទៅកាន់ពហុកីឡាដ្ឋាន Stamford Bridge ខណៈក្លឹបនេះកំពុងស្វែងរកខ្សែការពារកណ្តាលឆ្នើមម្នាក់។
ក្លឹប Chelseaគឺជាក្លឹបមួយក្នុងចំណោមក្លឹបកំពូលៗដែលកំពុងឃ្លាំមើលស្ថានភាពរបស់លោក Sule នៅក្លឹបជើងឯកក្របខណ្ឌ Bundesliga ។
មានសេចក្តីរាយការណ៍ថា លោក Tuchel កំពុងតែថ្លឹងថ្លែងពីស្ថានភាពរបស់កីឡាករ Sule ប៉ុន្តែបានបន្ថែមថា ខ្សែការពាររូបនេះរីករាយនឹងនៅជាមួយក្រុម Munich ហើយថា លោក Hansi Flick គ្រូបង្វឹករបស់ក្រុម Bayern ជឿជាក់លើកីឡាកររូបនេះដែរ។
កីឡាករវ័យ២៥ឆ្នាំរូបនេះ នឹងប្រឈមការប្រកួតប្រជែងបន្ថែមទៀតនៅក្នុងក្រុមជម្រើសដំបូងនៅរដូវកាលក្រោយ បន្ទាប់ពីក្លឹបយក្សអាល្លឺម៉ង់ចុះកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Dayot Upamecano របស់ក្លឹប RB Leipzig ក្នុងតម្លៃ ៣៨លានផោន៕
