Sergio Aguero មិនទាន់ប្រាកដថា នៅលេងជាមួយ Manchester City ទៀត ឬចាកចេញនោះទេ

    ភាពមិនប្រាកដប្រជាជុំវិញអនាគតរបស់ខ្សែប្រយុទ្ធ  Sergio Aguero នៅក្លឹប  Manchester City នឹងបន្តកើតមានរហូតដល់ចំណាច់រដូវកាលនេះ។
    កីឡាករអាហ្សង់ទីនរូបនេះ ដែលនឹងចប់កិច្ចសន្យានៅខែមិថុនាឆ្នាំនេះ ចាប់ផ្តើមបានត្រឹមបួនប្រកួតក្នុងរយៈពេល១១ខែកន្លងមកនេះ ដោយសារតែមានបញ្ហារបួសក្បាលជង្គង់។
    Aguero ខកខានមិនបានរកគ្រាប់បាល់នៅក្របខណ្ឌ  Premier League ចាប់ តាំងពីខែមករាឆ្នាំមុន ស្របពេលក្លឹប City រំពឹងថា នឹងស្វែងរកខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះ។ កីឡាករវ័យ៣២ឆ្នាំរូបនេះ គឺជាកីឡាករបរទេស ដែលលេចធ្លោបំផុតនៅក្នុងប្រ វត្តិសាស្ត្ររបស់ក្របខណ្ឌ  Premier League ហើយបានសារភាពកាលពីម្សិលមិញថា ខ្លួនមិនទាន់ប្រាកដពីអនាគត។
    កីឡាកររូបនេះបាននិយាយថា "ខ្ញុំមិនដឹងថា អ្វីនឹងកើតឡើងនោះទេ។ រឿងទី១ ដែលខ្ញុំចង់ធ្វើគឺលេងបាល់ទាត់។ នៅពេលណាខ្ញុំចាប់ផ្តើមលេង ខ្ញុំនឹងមើលឃើញថា តើខ្ញុំត្រូវសម្រេចចិត្តបែបណា"។
    ខ្សែប្រយុទ្ធរូបនេះបន្តថា "ខ្ញុំមិនដឹងថា នឹងទៅទីណានៅដំណាច់ឆ្នាំនេះ។ ខ្ញុំមិនទាន់ដឹង។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចបន្តលេងពីរបីឆ្នាំទៀត"។
    ក្លឹប City មិនទាន់ពិភាក្សាអំពីការពន្យារកិច្ចសន្យានៅឡើយទេ។ ខ្សែប្រយុទ្ធ  Erling Haaland របស់ក្លឹប  Borussia Dortmund នៅជាគោលដៅ ស្របពេលពួកគេត្រូវបានភ្ជាប់ទៅនឹងលទ្ធភាពផ្ទេរ  Harry Kane និង  Romelu Lukaku៕
 

adverise with khmeread