adverise with khmeread 20160410 reuters jackma

ជែក​ម៉ា​៖ ពី​មនុស្ស​ដែល KFC មិន​ត្រូវការ​ក្លាយជា​សហគ្រិន​មាន​បំផុត​មួយរូប​របស់​ពិភពលោក​

​    ​អ្នកទេសចរ​និយាយ​ភាសា​អង់គ្លេស​ម្នាក់​ដែល​មកលេង​ទីក្រុង​ហាង​ចូ​វ ប្រទេស​ចិន​នៅ​ចុង​ទសវត្សរ៍ ១៩៧០ ប្រហែលជា​ចំណាំ​ក្មេង​ជំទង់​ស្គមស្គាំង​មុខរីក​រាយ​មួយរូប​នៅក្រៅ​សណ្ឋាគារ Hangzhou Hotel ដែល​អន្ទះអន្ទែង​ចង់​សន្ទនា និង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បកប្រែ​ភាសា ឬ ធ្វើជា​មគ្គុទេសក៍​។ ឈ្មោះ​របស់គាត់​គឺ​ម៉ា យុន (Ma Yun) ហើយ​គាត់​បាន​បាក់ចិត្ត​ស្រឡាញ់​ភាសា​អង់គ្លេស​តាំងពី​វ័យ​កុមារ​មកម្ល៉េះ​។ ប្រធានាធិបតី​អាមេរិក​លោក រី​ឆាត និក​សុន និង​គណៈប្រតិភូ​របស់​លោក​បានមក​ទីក្រុង​ហាង​ចូ​វ នៅពេល​ម៉ា​យុន​មាន​អាយុ​ទើប ៨ ឆ្នាំ​។ ក្រោយមក ក្មេងប្រុស​ម្នាក់នេះ​បាន​ជក់​ជិត​ស្តាប់​កម្មវិធី​វិទ្យុ​និយាយ​អំពី​រឿងនិទាន "The Adventures of Tom Sawyer" ជា​ភាសា​អង់គ្លេស និង​បាន​ជិះ​កង់​ស្តាប់​វា​រយៈពេល ៤០ នាទី​មុន​ទៅ​ជិះ​ដល់​សណ្ឋាគារ​នៅ​ព្រឹក​ព្រហាម​។ 

​    ​ត្រឹម​ឆ្នាំ ១៩៧៩ ដោយសារ​ការផ្សះផ្សា ដែល​លោក​និក​សុន​ធ្វើឡើង​ជាមួយ​លោក​ម៉ៅ​សេទុង ប្រទេស​ចិន​ក៏បាន​បើកទ្វារ​របស់ខ្លួន​ស្វាគមន៍​ពិភពលោក​។ ភ្ញៀវ​ចំនួន ៧២៨ នាក់​ដែល​មក​ហាង​ចូ​វ​ក្នុង​ឆ្នាំ ១៩៧៨ បាន​ហក់​ឡើងមក​ចំនួន ៤០.០០០ នាក់​នៅ​ឆ្នាំ​បន្ទាប់​។ ម៉ា​យុន​អាយុ ១៥ ឆ្នាំ​នៅ​គ្រានោះ មាន​ភ្ញៀវ​ដែល​ស្រេកឃ្លាន​ការដើរ​កម្សាន្ត​យ៉ាងច្រើន​។ 

​    ​អ្នកទេសចរ​អាមេរិក​ម្នាក់ ដែល​សុំ​ម៉ា​យុន​ធ្វើជា​មិត្ត​នៅ​គ្រានោះ ស្រាប់តែ​ចៃដន្យ​មាន​ស្វាមី និង​ឪពុក​ឈ្មោះ "Jack" ដូចគ្នា​។ នាង​បាន​ស្នើឱ្យ​ម៉ា​យុន​ប្រើ​ឈ្មោះ​នេះ​សម្រាប់​ខ្លួន​គាត់​ផ្ទាល់ ដោយសារតែ​គាត់​ចង់​ទាក់ទង​ពួកលោក​ខាងលិច​ឱ្យបាន​កាន់តែច្រើន​។ បន្ទាប់មក ម៉ា​យុន​ក៏បាន​សម្រេចចិត្ត​យកឈ្មោះ ជែក មក​ប្រើ ហើយ​ទីបំផុត​ក៏បាន​ហៅថា ជែក ម៉ា​តែម្តង​។ 

​    ​សាច់​រឿងនេះ​ផ្តល់នូវ​ទស្សនវិស័យ​ទៅក្នុង​ជីវិត​បុរស​ម្នាក់ ដែល​សព្វថ្ងៃ​មាន​ចំណាត់​ថ្នាក់ខ្ពស់​ក្នុងចំណោម​សហគ្រិន​ល្បីល្បាញ​បំផុត​លើ​ពិភពលោក​។ 

​    ​ជា​ក្មេង​មាន​មហិច្ឆតា ភាព​វ័យឆ្លាត និង ភាព​ចាស់​គំនិត ជែក​ម៉ា​ធ្លាប់​ប្រឡង​ធ្លាក់​ការចូល​រៀន​មហាវិទ្យាល័យ​រាប់មិនអស់ ធ្លាក់​រាល់​ការដាក់​ពាក្យសុំ​ធ្វើ​ការងារ (​សូម្បី​ការងារ​តូចតាច​នៅ KFC ដែល​ទើប​មក​បើក​ក្នុងប្រទេស​ចិន​ដំបូង​ក៏​គាត់​មិន​ជាប់​ដែរ​) ហើយ​បន្ទាប់ពី​នោះមក គាត់​ក៏បាន​បន្ត​បង្កើត និង​ដឹកនាំ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​យក្ស Alibaba តែម្តង​។ 

​    ​ខាងក្រោម​នេះ​គឺជា​សម្រង់​ពាក្យ ដែល​បង្ហាញ​ពី​របៀប​ដែល​ជែក​ម៉ា​ក្លាយជា​មហាសេដ្ឋី​របស់​ពិភពលោក​៖

​    ​១. "​ខ្ញុំ​ខ្ចីលុយ​គេ ២០០០ ដុល្លារ​បើក​ក្រុមហ៊ុន​មួយ​។ ខ្ញុំ​អត់​ស្គាល់​សោះ​អំពី​កុំព្យូទ័រ ឬ​អ៊ីមែល​។ ខ្ញុំ​មិនដែល​ប៉ះ Keyboard ពីមុនមក​ទេ​។ ហេតុនេះហើយ​បានជា​ខ្ញុំ​ហៅ​ខ្លួនឯង​ថា មនុស្ស​ខ្វាក់​ជិះ​លើ​ខ្នង​ខ្លា​ខ្វាក់​"​។ 

​    ​២. "​គ្មាន​បញ្ហា​នោះទេ ប្រសិនបើ​ខ្ញុំ​បរាជ័យ​។ យ៉ាងហោចណាស់ ខ្ញុំ​បាន​ផ្ទេរ​គំនិត​ទៅ​អ្នកផ្សេង​។ បើទោះបីជា​ខ្ញុំ​មិន​ជោគជ័យ តែ​អ្នកផ្សេង​នឹង​ជោគជ័យ​"​។​

​    ​៣. "​ថ្ងៃនេះ​ពិបាក ថ្ងៃស្អែក​កាន់តែ​ពិបាក ប៉ុន្តែ​ខានស្អែក​អាច​នឹង​ល្អប្រសើរ​"​។

 

​    ​៤. "​ប្រសិនបើ​យើង​មាន​ក្រុម​ដ៏​ល្អ​មួយ និង​ដឹង​នូវ​អ្វីដែល​យើង​ចង់​ធ្វើ នោះ​មនុស្ស​ម្នាក់​ក្នុងចំណោម​ពួកយើង​នឹង​អាច​ផ្តួល​គូប្រជែង​ដល់​ទៅ ១០ នាក់​"​។

  

​    ​៥. "​ប្រសិនបើ​អ្នក​មិន​បោះបង់ចោល​ទេនោះ អ្នកនឹង​នៅតែមាន​ឱកាស​។ ហើយ​នៅពេលដែល​អ្នក​នៅ​តូច អ្នក​ត្រូវតែ​ផ្តោតលើ​អ្វីមួយ ហើយ​ពឹង​លើ​ខួរក្បាល​របស់​អ្នក មិនមែន​ពឹង​លើ​កម្លាំងបាយ​នោះទេ​"​។​

​    ​៦. "​ត្រូវ​ជឿជាក់​លើក្តី​សុបិន​ខ្លួនឯង​ជានិច្ច និង​រៀន​ពី​កំហុស​របស់​អ្នកដទៃ​។ កុំ​រៀន​ពី​ភាពជោគជ័យ​របស់​ពួកគេ​"​។ 

​    ​៧. "​យើង​នឹង​អាចធ្វើ​វា​បាន ព្រោះ​យើង​នៅ​ក្មេង ហើយ​យើង​នឹងមិន​ចុះចាញ់​ដាច់ខាត​"​។​

​    ​៨. "​ប្រសិនបើ​យើង​ទៅធ្វើ​ការ​នៅ​ម៉ោង ៨ ព្រឹក ហើយ​ទៅផ្ទះ​នៅ​ម៉ោង ៥ ល្ងាច នេះ​មិនមែនជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ខ្ពស់​នោះទេ ហើយ Alibaba នឹងមិន​ទទួលបាន​ជោគជ័យ​នោះឡើយ​។ ប្រសិនបើ​យើង​មាន​ស្មារតី​ធ្វើការ​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៥ ល្ងាច អ៊ីចឹង​យើង​គួរតែ​ទៅធ្វើ​អ្វី​ផ្សេង​ល្អ​ជាង​"​។  

​    ​៩. "​ប្រសិនបើ​អ្នក​ចង់​ធ្វើ​ជំនួញ​ជាមួយ​គីឡូ​ធ្ងន់ អ្នក​ត្រូវតែ​ធ្វើឱ្យ​ខ្លួនឯង​ខ្លាំង ឬ​ក្លាយជា​គីឡូ​ធ្ងន់​នឹង​គេ​ដែរ​"​។ 

​    ​១០. "​អ្នក​គួរ​រៀន​តាម​គូប្រជែង​របស់​អ្នក ប៉ុន្តែ​កុំ​ចម្លង​តាម​គេ​។ បើ​ចម្លង​តាម​គេ អ្នកនឹង​ស្លាប់​"​។​

​    ​១១. "Alibaba មិន​គ្រាន់តែ​ជាការ​ងារ​មួយ​នោះទេ​។ វា​ជា​ក្តី​សុបិន​។ វា​ជា​បុព្វហេតុ​។ ទុកឱ្យ​អ្នកវិនិយោគ​នៅ Wall Street ច្រណែនឈ្នានីស​យើង​ចុះ ប្រសិនបើ​ពួកគេ​ចង់​"​។ 

​    ​១២. "​ប្រសិនបើ​អ្នក​ចង់​លូតលាស់ ត្រូវ​ស្វែងរក​ឱកាសល្អ​។ ថ្ងៃនេះ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​ក្រុមហ៊ុន​ដ៏​អស្ចារ្យ ត្រូវ​គិត​អំពី​អ្វី​ទៅជា​បញ្ហា​សង្គម​ដែល​អ្នក​អាច​ដោះស្រាយបាន​"​។​

​    ​១៣. "​មនុស្ស​ឆ្លាត​ត្រូវការ​មនុស្ស​ល្ងង់​ដឹកនាំ​ពួកគេ​។ នៅពេល​ក្រុម​មួយ​មាន​សុទ្ធតែ​អ្នកប្រាជ្ញ វា​ជាការ​ប្រសើរ​បំផុត​ដែល​ត្រូវមាន​មនុស្ស​ល្ងង់​ម្នាក់​ជា​អ្នក​ដឹកមុខ​។ របៀប​គិត​របស់​មនុស្ស​ល្ងង់​គឺ​ខុសពី​យើង​។ យើង​នឹង​ឈ្នះ​យ៉ាង​ងាយស្រួល ប្រសិនបើ​យើង​មាន​មនុស្ស​ដែល​អាច​មើលឃើញ​ពី​ទស្សនៈ​យល់ឃើញ​ខុសៗ​គ្នា​"​។​

​    ​១៤. "​អាមេរិក​ខ្លាំង​ខាង​ហាតវែ​និង​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​។ ប៉ុន្តែ​ទាក់ទង​នឹង​ព័ត៌មាន និង​ប្រព័ន្ធ​កុំព្យូទ័រ ខួរក្បាល​ចិន​ក៏​ឆ្លាត​ដូច​ពួកគេ​ដែរ​។ ខួរក្បាល​របស់​យើងទាំងអស់គ្នា​គឺ​ឆ្លាត​ដូច​តែ​ពួកគេ​ដែរ​ទេ​។ នេះ​ជា​ហេតុផល​ដែល​យើង​ហ៊ាន​ប្រកួតប្រជែង​ជាមួយ​ពួកគេ​"​។​

​    ​១៥. "​នៅពេល​ផ្សារ Taobao បើក​ដំបូង វា​ពិតជា​លំបាក​ក្នុងការ​ស្វែងរក​ទំនិញ​ផ្គត់ផ្គង់​ដើម្បី​លក់​លើ​លើ​ផ្សារ Taobao ណាស់​...​សព្វថ្ងៃ យើង​មាន​ទំនិញ​ជាង ១ លាន​មុខ​រាយ​នាម​ក្នុង​បញ្ជី​លើ​វេ​ប​សាយ​របស់​យើង​"​។ 

​    ​១៦. "​វា​ពិតជា​លំបាក​ណាស់​ដែល​ត្រូវ​វិលត្រឡប់​ទៅ​ម្សិលមិញ​វិញ​។ ប្រសិនបើ​អ្នក​មិន​ផ្លាស់ប្តូរ​ខ្លួនឯង​ទេ អ្នកនឹង​មិនមាន​អនាគត​ទេ​"៕  

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

អ្នកនឹងចូលចិត្ត

មតិយោបល់