ឡូយមែន! អ៊ីស្រាអែលយកបារ៍ធ្វើជាមណ្ឌលចាក់វ៉ាក់សាំងកូវីដ ហើយថែមជូនស្រាបៀរអត់យកលុយ ដើម្បីទាក់ទាញយុវជនឱ្យមកចាក់

អ៊ីស្រាអែលបានបើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងកូវីដក្នុងបារ៍មួយរួចផ្តល់ជូនស្រាបៀរឥតគិតថ្លៃដល់អ្នកដែលចាក់ថ្នាំបង្ការដើម្បីលើកទឹកចិត្តយុវជនឱ្យទទួលវ៉ាក់សាំង។

បារ៍ឈ្មោះថា Jenia ក្នុងទីក្រុង Tel Aviv ដែលបិទទ្វារយូរមកហើយក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត បានបើកទ្វារបម្រើដល់អតិថិជននូវវ៉ាក់សាំងនិងស្រាបៀរកាលពីថ្ងៃព្រហស្បតិ៍ទី១៨កុម្ភៈ។

ប្រជាជនជាង ៤៣ ភាគរយនៃប្រជាជនសរុប ៩ លាននាក់របស់អ៊ីស្រាអែលបានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer យ៉ាងហោចណាស់ម្នាក់មួយដូស ហើយភាគច្រើនក្នុងចំណោមនោះជាមនុស្សវ័យចំណាស់។

ប៉ុន្តែមានការបារម្ភថា មនុស្សវ័យក្មេង ដែលមានហានិភ័យតិចជាងពីកូវីដ នឹងមិនចង់ទទួលបានវ៉ាក់សាំងទេ ជាហេតុនាំឱ្យមានគំនិតថ្មីនេះដើម្បីល្បួងពួកគេ។

អតិថិជនឈ្មោះ May Perez ដែលស្ថិតក្នុងចំណោមមនុស្សប៉ុន្មានសិបនាក់ដែលមកទទួលវ៉ាក់សាំង និយាយថា "ខ្ញុំគិតថាវាជាឱកាសល្អដើម្បីមកទទួលវ៉ាក់សាំង ព្រោះខ្ញុំគ្មានពេលនិងមិនអាចទៅកន្លែងផ្សេងបានទេ"។

អ៊ីស្រាអែលត្រូវបានកោតសរសើរចំពោះការបើកកម្មវិធីចាក់វ៉ាក់សាំងឈ្នះដាច់គេលើពិភពលោក ដោយបានចាក់ថ្នាំបង្ការដល់ប្រជាជនច្រើនជាងប្រទេសណាៗទាំងអស់។

ប៉ុន្តែអត្រាមនុស្សមកទទួលវ៉ាក់សាំងបានធ្លាក់ចុះជាលំដាប់នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈកម្មវិធីចាក់វ៉ាក់សាំងបានពង្រីកដល់មនុស្សចាស់ មនុស្សងាយរងគ្រោះ និង ក្រុមមនុស្សមានហានិភ័យទាប៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread