តម្លៃទីផ្សាររបស់ Bitcoin ឡើងដល់ ១ លានលានដុល្លារ

Bitcoin បានបង្កើតឯតទគ្គកម្មថ្មីខ្ពស់បំផុតកាលពីថ្ងៃសុក្រនិងកើនតម្លៃក្នុងមូលធននីយកម្មទីផ្សារលើសពី ១ លានលានដុល្លារ ខណៈភាគហ៊ុនអឺរ៉ុបនិងអាមេរិកមានឡើងមានចុះ ខណៈសុទិដ្ឋិនិយមជុំវិញវ៉ាក់សាំងការពារមេរោគកូរ៉ូណានិងការជម្រុញថវិកាសង្គ្រោះកំពុងតតាំងជាមួយក្តីបារម្ភអំពីអតិផរណា។

រូបិយវត្ថុឌីជីថលនេះបានហក់ឡើងដល់កំណត់ត្រាថ្មីមួយទៀតដោយតម្លៃប្រហែល ៥៦.០០០ ដុល្លារក្នុងមួយកាក់ មានន័យថា តម្លៃរួមបញ្ចូលគ្នានៃ Bitcoin ទាំងអស់ឥឡូវនេះមានចំនួនលើស១លានលានដុល្លារនេះបើយោងតាមអ្នកផ្តល់ទិន្នន័យ Coinmarketcap.com ។

តម្លៃប្រេងបានធ្លាក់ចុះស្របពេលដែលក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមប្រតិបត្តិការសន្សឹមៗនៅរដ្ឋផលិតប្រេងតិចសាសរបស់អាមេរិក កន្លែងដែលរោងចក្រចម្រាញ់ប្រេងរងផលប៉ះពាលពីអាកាសធាតុត្រជាក់កក។

ទន្ទឹមនឹងនេះដែរទិន្នន័យបានបង្ហាញថាសេដ្ឋកិច្ចរបស់តំបន់ចាយលុយអឺរ៉ូកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសាររលកថ្មីនៃការបិទទីក្រុង ប៉ុន្តែការខូចខាតនឹងមិនធ្ងន់ធ្ងរជាងការបិទមុនៗកាលពីឆ្នាំមុននោះឡើយ។

សន្ទស្សន៍ PMI ដែលបានឃ្លាំមើលយ៉ាងដិតដល់ដោយ IHS Markit បានកើនឡើងដល់ ៤៨,១ ពិន្ទុក្នុងខែកុម្ភៈពី ៤៧,៨ ពិន្ទុនៅក្នុងខែមករា ពោលគឺកើនជិតដល់ ៥០ ពិន្ទុដែលបង្ហាញពីកំណើន។

យ៉ាងណាមិញ ក្រុមហ៊ុនអាជីវកម្មនានាក៏បានបង្ហាញនូវទំនុកចិត្តដែរថាការចាក់វ៉ាក់សាំងនឹងអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញនៅប៉ុន្មានខែខាងមុខនេះ៕ ប្រភព ៖ Bangkok Post

adverise with khmeread