ក្រុមហ៊ុនហ្វេសប៊ុកប្រឈមប្រតិកម្មទូទាំងសកលលោកដោយសារព្យាយាម "សម្លុតកំហែង" អូស្ត្រាលី

ការសម្រេចចិត្តរបស់ហ្វេសប៊ុកក្នុងការរារាំងមនុស្សពីការចែករំលែកអត្ថបទព័ត៌មាននៅក្នុងប្រទេសអូស្ត្រាលីត្រូវបានស្តីបន្ទោសខ្លាំងៗដោយសមាជិកសភានៅជុំវិញពិភពលោក ដែលនេះបង្ហាញពីការតតាំងគ្នាខ្លាំងឡើងរវាងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំបំផុតនៅលើពិភពលោកនិងរដ្ឋាភិបាលនិងស្ថាប័នសារព័ត៌មានដែលកំពុងប្រយុទ្ធតស៊ូប្រឆាំងនឹងការពិនិត្យពិច័យលើសិទ្ធិអំណាចរបស់ខ្លួន។

មន្ត្រីជាប់ឆ្នោតនិងគ្រឹះស្ថានបោះពុម្ពកាសែតនៅចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកបានរិះគន់សកម្មភាពរបស់ហ្វេសប៊ុកកាលពីថ្ងៃព្រហស្បតិ៍ ដោយបានលើកឡើងថាពួកគេប្រឆាំងនឹងការប្រកួតប្រជែង ដូច្នេះត្រូវមានវិធានការដាក់ពិន័យជាបន្ទាន់។

លោក Julian Knight សមាជិកសភា ដែលជាប្រធានគណៈកម្មាធិការឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡានៅក្នុងសភាចក្រភពអង់គ្លេសបាននិយាយថា "វាគឺជាសកម្មភាពមួយដែលគួរឱ្យអស់សំណើចបំផុត ប៉ុន្តែក៏ជាការរំខានដល់ដំណើរការរបស់ក្រុមហ៊ុនសាជីវកម្មក្នុងសម័យកាលយើងដែរ"។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកជាមួយ CNN Business លោក Knight បាននិយាយថាសមាជិកសភាចក្រភពអង់គ្លេសនឹងប្រើប្រាស់ច្បាប់ដែលមិនទាន់សម្រេចក្នុងគោលបំណងធ្វើនិយតកម្មក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីធានាបានឱ្យវេទិកាដូចជាហ្វេសប៊ុកលើកកម្ពស់ "ប្រភពព័ត៌មានដែលគួរជឿទុកចិត្ត" ។

លោកបានបន្ថែមនៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រថា "សកម្មភាពនេះគឺជាសកម្មភាពសម្លុតកំហែងដែលហ្វេសប៊ុកបានអនុវត្តនៅក្នុងប្រទេសអូស្រ្តាលី ហើយខ្ញុំនឹងបញ្ឆេះបំណងប្រាថ្នាក្នុងចំណោមសមាជិកសភានៅជុំវិញពិភពលោកដើម្បីចាត់វិធានការលើបណ្តាញសង្គម"៕ ប្រភព ៖ CNN

-->
adverise with khmeread