រយៈពេលដប់នាទីសោះរថយន្តពីរគ្រឿងបើកបុកទ្រូងផ្លូវព្រះនរោត្ដម​

​ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីផ្សេងគ្នាក្នុងរយៈពេលតែដប់នាទី​ ដែលបង្កឡើងដោយរថយន្តស៊េរីទំនើបម៉ាក​ BUICK និងរថយន្ត​ម៉ាក ​Toyota Prius បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវព្រះនរោត្ដម​ពេញទំហឹង ​ហើយរថយន្តទាំង២គ្រឿងមិនទាន់អស់ល្បឿន បានជ្រុលទៅមុខប្រមាណ៣០ម៉ែត្រ បណ្ដាលឱ្យដាច់កាឡេកង់មុខផ្នែកខាងឆ្វេង​រងការខូចខាតដូចគ្នា​ទៅមុខលែងរួច។

ករណីទី១​-រថយន្តស៊េរីទំនើបម៉ាក​ BUICK មួយគ្រឿង​ ពណ៌ស​ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ​ 2BJ-6981 បើកបរដោយបុរសម្នាក់ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវព្រះនរោត្តម ត្រង់ចំណុចមុខសណ្ឋាគារតាយម៉េង​ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្ដាលឱ្យរថយន្តដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច​។

ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវបាក់បែកបន្តិចបន្ទួច កើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១​។ 

ករណីទី២​-រថយន្តម៉ាក Toyota Prius ពណ៌ក្រហមថ្មីមួយគ្រឿងមិនទាន់មានស្លាកលេខ បើកបរដោយបុរសម្នាក់ និង រួមដំណើរបុរសម្នាក់ទៀតបានបើកលឿនពេកទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវព្រះនរោត្ដម​កែងផ្លូវសុធារស​ ត្រង់ចំណុចស្តុបចំការមន​ ក្នុងសង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមន​ បណ្ដាលឱ្យដាច់កង់ម្ខាងចេញពីរថយន្តរងការខូចខាតយ៉ាងដំណំ​ និងក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវវៀចចេញពីជួរអស់មួយកង់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ​ ឆ្នាំ២០២១​។ 

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរខាងលើនេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ​។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់​រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕​

-->
adverise with khmeread