បង្ហាញមុខជនសង្ស័យជាជនជាតិចិន៣នាក់ ប្លន់ហាងម៉ាតចិននៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ប៉ូលិសបានបង្ហាញមុខជនសង្ស័យជាជនជាតិចិន៣នាក់ នាថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្លន់ទៅលើជនជាតិចិនដោយប្រើអាវុធខ្លីភ្ជង់ប្លន់ និងប្រើកាំបិតចាក់បណ្តាលឱ្យជនរងគ្រោះជនជាតិចិនរងរបួសជាទម្ងន់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ស្ថិតនៅក្នុងផ្ទះល្វែង (ម៉ាតចិន) ក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះជាជនជាតិចិនម្នាក់ឈ្មោះ XU SHENXIANG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ លិខិតឆ្លងដែនលេខ EE-9978999 មានទីលំនៅ ក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ​ត្រូវបានជនសង្ស័យ៣នាក់ធ្វើសកម្មភាព ដោយប្រើអាវុធខ្លីភ្ជង់គំរាម និងប្រើកាំបិតចុងស្រួចចាក់ទៅលើបណ្តាលឱ្យរងរបួសរបួសធ្ងន់ រយះបាតដៃខាងស្តាំ, ម្រាមដៃកណ្តាល, ចង្អុលដៃខាងស្តាំ និងរបួសស្មងជើងខាងស្តាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចិនប៉ាយឈៀវ, ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពរួចបានគេចខ្លួនបាត់។

សមត្ថកិច្ចបន្តថា បន្ទាប់ពីកើតហេតុរួចកម្លាំងប៉ូលិសជំនាញខេត្តព្រះសីហនុ បានសហការគ្នាធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយប្រើរយៈពេលជាង ០៤ម៉ោង គឺនៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃត្រង់ សមត្ថកិច្ចបង្ក្រាបបានទាំងស្រុង ដោយចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០៣នាក់ ។

ជនសង្ស័យទាំង៣នាក់រួមមាន ១-ឈ្មោះ YANG BAO QIANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅសណ្ឋាគារ ហ្សុងហ័រវួយ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជនដៃដល់ប្រើកាំបិតចាក់ទៅលើជនរងគ្រោះ), ២-ឈ្មោះ XU DONG PING ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ (ជនដៃដល់ប្រើអាវុធខ្លីភ្ជង់គំរាមជនរងគ្រោះ) និង៣-ឈ្មោះ LI PEN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (សមគំនិត)។

យោងតាមចម្លើយរបស់ជនសង្ស័យថា «មូលហេតុដែលពួកគេធ្វើសកម្មភាពប្លន់ ព្រោះខ្វះខាតប្រាក់ចាយវាយ ទើបបបួលគ្នារៀបចំគំរោងចេញប្លន់តែម្តង»។

ចំពោះករណីនេះ សមត្ថកិច្ចបានស្រាវជ្រាវរកវត្ថុតាងដែលធ្វើសកម្មភាពប្លន់ ។ ចំណែកជនសង្ស័យទាំង ០៣នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕


 

-->
adverise with khmeread