ចក្រភពអង់គ្លេសគំរាមធ្វើ "សង្គ្រាមទឹក" ជាមួយសហភាពអឺរ៉ុប

ចក្រភពអង់គ្លេសអាចនឹងប្រកាស "សង្គ្រាមទឹក" ជាមួយសហភាពអឺរ៉ុបក្នុងការសងសឹកមួយចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញការហាមប្រាមលើពពួកអាហារសមុទ្រដូចជាគ្រំ ខ្យង អយស្ទើ និងលៀស។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអាទិត្យទី២១កុម្ភៈ។

ក្រុមរដ្ឋមន្រ្តីតាមដឹងកំពុងពិភាក្សាអំពីវិធានការនានាដើម្បីរឹតត្បិតការនាំចូលទឹករ៉ែធម្មជាតិនិងគ្រាប់ពូជដំឡូង ខណៈចក្រភពអង់គ្លេសគ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងជាច្រើន។

សហភាពអឺរ៉ុបទទួលបានកិច្ចព្រមព្រៀងជាបណ្តោះអាសន្នស្តីពីការនាំចូលគ្រាប់ពូជដំឡូងរហូតដល់ដំណាច់ខែមិថុនាប៉ុន្តែពេលនេះវាអាចរងការប៉ះពាល់ បន្ទាប់ពីទីក្រុងព្រុចសែលបានបដិសេធមិនបញ្ឈប់ការបិទការនាំចូលគ្រឿងសមុទ្ររបស់អង់គ្លេស។

ទីក្រុងព្រុចសែលបានប្រាប់អ្នកនេសាទអង់គ្លេសថាពួកគេត្រូវបានហាមឃាត់ឥតពេលកំណត់មិនឱ្យលក់គ្រំខ្យងអយស្ទើនិងលៀសរស់ឱ្យទៅបណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប។

គ្រឿងសមុទ្រទាំងនេះអាចដឹកទៅទ្វីបអឺរ៉ុបបានលុះត្រាតែវាត្រូវបានចាត់បញ្ចូលទៅក្នុងប្រភេទរុក្ខជាតិបន្សុទ្ធខ្យល់។

ប្រភពរដ្ឋាភិបាលជាន់ខ្ពស់បានប្រាប់កាសែត The Telegraph ថា "មានគំនិតលើកថាយើងអាចសងសឹកវិញលើវិស័យណាបានខ្លះ។ យើងមានកិច្ចព្រមព្រៀងដែលកំពុងបន្តជាច្រើន...យើងអាចបញ្ឈប់កិច្ចព្រមព្រៀងទាំងនេះ ដែលមានន័យថាពួកគេនឹងមិនអាចលក់ផលិតផលរបស់ពួកគេនៅទីនេះបានទេ"៕

-->
adverise with khmeread