ព្រះសង្ឃស្រឡាំងកាំងពេលកំពុងសូត្រមន្តក្នុងពិធីមង្គលការមួយ ស្រាប់តែប្រពន្ធ កូននិងម្តាយរបស់កូនកំលោះលើកទ័ពមកបង្ក្រាបផ្អើលរោងការ

មន្ត្រីប៉ូលិសម្នាក់ និងកូនក្រមុំថ្មីរបស់គាត់កំពុងថតរូបជាមួយភ្ញៀវដែលអញ្ជើញមកពិធីមង្គលការរបស់ពួកគេ។ ប៉ុន្ដែរំពេញនោះស្រាប់តែប្រពន្ធ កូន និងម្ដាយរបស់គាត់បានមកដល់កន្លែងមង្គលការ។ ហើយរឿងរ៉ាវក៏ក្លាយជារឿងឆ្គាំឆ្គងបំផុតនៅពេលនោះ។

វីដេអូឡាយនៅលើហ្វេសប៊ុកដែលមើលទៅដូចរឿងភាគប៉ុស្ដិ៍លេខ៧ នាង Nipapan Peuchpen ដែលជាប្រពន្ធ១៦ឆ្នាំរបស់មន្ត្រីប៉ូលិសរូបនោះបានបង្ហាញលិខិតអាពាហ៍ពិពាហ៍ដាក់មុខកាមេរ៉ាក្នុងពិធីមង្គលការ ដែលកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅវត្តតាឆៃ ខេត្តឆៃណាត ប្រទេសថៃ និង តវ៉ាថាបុរសនេះគ្មានសិទ្ធិរៀបការជាមួយនឹងនារីម្នាក់ទៀតនោះទេ។

នាង Nipapan បានបង្ហាញឯកសារនៅមុខទូរស័ព្ទថា "នេះគឺជាលិខិតអាពាហ៍ពិពាហ៍របស់ពួកយើង។ ខ្ញុំមិនដឹងថាពួកគេអាចធ្វើរឿងបែបនេះដោយរបៀបណាទេ"។

ប៉ូលិសមិនបញ្ចេញឈ្មោះ បានឆ្លើយតបវិញថា "ព្រះសង្ឃកំពុងសូត្រមន្ត។ សូមទៅផ្ទះសិនទៅ។ អូនឯងមិនមែនភ្ញៀវទេ"។

ការប្រឈមមុខកាន់តែច្របូកច្របល់នៅពេលម្ដាយរបស់មន្ត្រីប៉ូលិសរូបនោះបានបង្ហាញវត្តមាន និងទះក្បាលរបស់គាត់ក្នុងពិធីសូត្រមន្ត ខណៈព្រះសង្ឃបន្តសូត្រមន្តជូនពរកូនកំលោះកូនក្រមុំថ្មីថ្មោងទាំងស្រឡាំងកាំង។

ស្ដ្រីជាម្ដាយក្រោយមកបានប្រាប់ទៅទូរទស្សន៍ Amarin TV ថា "ខ្ញុំជានិច្ចកាលតែងតែបង្រៀនគាត់កុំឱ្យផិតក្បត់។ ខ្ញុំបានព្រមានគាត់ច្រើនដងមកហើយ។ ឥឡូវគាត់ទទួលផលពីអ្វីដែលគាត់បានសាបព្រោះ។ ដំបូងឡើយខ្ញុំគិតថាការផិតក្បត់ដល់កម្រិតខ្លះគឺជារឿងធម្មតាសម្រាប់បុរស។ ប៉ុន្តែខ្ញុំមិននឹកស្មានថាគាត់ធ្វើដល់កម្រិតនេះទេ"។

ព្រះសង្ឃព្រះនាម Samupongyot Polyano មានសង្ឍដីកាថា "អាត្មាធ្វើជាព្រះសង្ឃ១៦វស្សាហើយ និងបានសូត្រមន្តក្នុងពិធីការរាប់រយ។ នេះជាលើកដំបូងរបស់អាត្មាហើយដែលជួបរឿងបែបនេះ"។

ព្រះអង្គបន្តថា "អាត្មាកំពុងតាំងអារម្មណ៍អធិដ្ឋានតាមតែអាចធ្វើបាន បិទព្រះនេត្រ និងសូត្រមន្ត ប៉ុន្ដែបន្ទាប់មកស្រាប់តែឮសំឡេងស្រែកឈ្លោះគ្នាខ្លាំងៗ។ យ៉ាងណាមិញ កិច្ចការអាត្មាគឺសូត្រមន្តឱ្យចប់ជាការស្រេច"។

បច្ចុប្បន្ន Nipapan និងមេធាវីរបស់នាងឈ្មោះ Anusorn Asurapong បានដាក់ពាក្យបណ្ដឹងប្ដឹងមិត្តស្រីរបស់ប្ដីខ្លួន និងទាមទារសំណងសម្រាប់ការព្យាយាមរៀបការជាមួយនឹងបុរសមានប្រពន្ធរួចហើយនោះ៕

 

-->
adverise with khmeread