ហ្វូងមនុស្សដ៏ធំចូលរួមកាន់ទុក្ខស្ត្រីម្នាក់ ដែលគេបាញ់ស្លាប់ក្នុងការតវ៉ានៅមីយ៉ាន់ម៉ា

ហ្វូងមនុស្សយ៉ាងច្រើននៅរដ្ឋធានីណៃពិដោរបស់ប្រទេសមីយ៉ាន់ម៉ាបានចូលរួមពិធីបុណ្យសពស្ត្រីវ័យក្មេងម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា។

នាង Mya Thwe Thwe Khaing ត្រូវបានគេបាញ់ចំក្បាលនៅមុនថ្ងៃខួបកំណើតគម្រប់ ២០ ឆ្នាំរបស់នាង ដែលជាមនុស្សដំបូងក្នុងចំណោមមនុស្សយ៉ាងតិច ៣ នាក់បានស្លាប់នៅក្នុងការតវ៉ានេះ។

កាលពីថ្ងៃអាទិត្យមានមនុស្សរាប់ពាន់នាក់បានតម្រង់ជួរដើម្បីគោរពនាងដោយអ្នកខ្លះលើកម្រាមដៃបីជាសញ្ញាប្រឆាំងរបបយោធា។

យោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពីដើមខែនេះ។

ការសន្យារៀបចំការបោះឆ្នោតនៅមុននេះបានខកខានក្នុងការបំពេញចិត្តបាតុករដែលកំពុងស្វែងរកការដោះលែងមេដឹកនាំជាប់ឆ្នោតលោកស្រីអ៊ុងសានស៊ូជីនិងសមាជិកដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី។

យោធាបានចោទប្រកាន់ថាការឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្ស NLD កាលពីឆ្នាំមុនគឺជាការលួចបន្លំប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។ 

នាង Mya Thwe Thwe Khaing ជាបុគ្គលិកផ្សារទំនើបបានរងរបួសនៅពេលដែលប៉ូលិសព្យាយាមបំបែកក្រុមអ្នកតវ៉ាកាលពីដើមខែនេះ។ នាងត្រូវបានគេជួយជីវិតអស់រយៈពេល ១០ ថ្ងៃប៉ុន្តែបានស្លាប់កាលពីថ្ងៃសុក្រ៕


 

-->
adverise with khmeread