ផ្តើមពីរឿងរោទិ៍ម៉ូតូឮខ្លាំងៗយុវជនមួយក្រុមចូលកាប់យុវជន៣នាក់ដល់ក្នុងផ្ទះស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និង ២នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីមានជនដៃដល់មួយក្រុមជិះម៉ូតូ២គ្រឿងមានគ្នីគ្នា៦នាក់ បានធ្វើសកម្មភាពចូលកាប់ចាក់ដល់ផ្ទះ កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្រុម៩ ផ្លូវបេតុង ភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ខែម តុលា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការសំណង់ជាងពិដាន ស្នាក់នៅផ្ទះកើតហេតុខាងលើ របួសទ្រូងឆ្វេងនិងដោះ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ទី១-ឈ្មោះ ចឹប ចាន់ឌីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិកើតហេតុខាងលើរបួសមធ្យមដេកពេទ្យឯកជន និងជនរងគ្រោះ, ទី២-ឈ្មោះសែម ហេង ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរដឹកទឹកកកលក់  ស្នាក់នៅកន្លែងកើតហេតុខាងលើរបួសធ្ងន់ដេកពេទ្យកាល់ម៉ែត។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញជនរងគ្រោះកំពុងផឹកស៊ីជួបជុំគ្នានៅក្នុងផ្ទះ,​ លុះមកដល់ម៉ោងខាងលើ ស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូ២គ្រឿង មានគ្នា៦នាក់ ប្រដាប់ដោយកាំបិតនិងដាវ ចុះមកកាប់ប្រហារយ៉ាងសាហាវ ព្រោះខឹងក្រុមរងគ្រោះ ស្ដីឱ្យថា«ពួកគេរោទិ៍ម៉ូតូឮខ្លាំងៗមុខផ្ទះជនរងគ្រោះ»។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកផ្ទះកើតហេតុភ្លាមៗ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញប៉ូលិសរាជធានីភ្នំពេញ មកពិនិត្យនិងធ្វើកោសល្យវិច័យ ធ្វើកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ 

ដោយឡែកសមត្ថកិច្ចខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវតាមចាប់ជនដៃដល់ បានជាបន្តបន្ទាប់ ក្នុងការដ្ឋានមួយកន្លែងនៅផ្លូវជាតិលេខ៦A ជាប់បុរីប៉េងហួត មកផ្តន្ទាទោសតាមផ្លូវច្បាប់៕


 

-->
adverise with khmeread