ភ្លៀងខ្លាំងចុងសប្តាហ៍ពន្លិចរដ្ឋធានីរបស់ហ្សាការតា ស្លាប់ ៥ នាក់

អាជ្ញាធរបាននិយាយពីថ្ងៃអាទិត្យថាយ៉ាងហោចណាស់មានមនុស្ស៥នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបានពន្លិចសង្កាត់ទាំងអស់នៅក្នុងរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ី ខណៈដែលអ្នកស្រុកបានវិលត្រឡប់ទៅសម្អាតផ្ទះនិងរបស់របរប្រើប្រាស់របស់ពួកគេវិញ។

ទីក្រុងនេះត្រូវបានវាយប្រហារដោយភ្លៀងយ៉ាងខ្លាំងក្លាកាលពីចុងសប្តាហ៍ដែលបានជន់លិចផ្លូវធំៗរាប់សិបខ្សែ និងបង្ខំឱ្យមនុស្សរាប់រយនាក់ប្រញាប់ប្រញាល់ទៅកាន់ជម្រកបន្ទាន់។

ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយនៅហ្សាការតាលោក Sabdo Kurnianto បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាបុរសអាយុ ៦៧ ឆ្នាំម្នាក់ត្រូវបានប្រទះឃើញស្លាប់បន្ទាប់ពីគាត់បានជាប់នៅក្នុងផ្ទះលិចទឹករបស់គាត់នៅភាគខាងត្បូងនៃរដ្ឋធានីដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍។

លោកបានបន្ថែមថាក្មេងប្រុស៣នាក់បានស្លាប់ បន្ទាប់ពីត្រូវទឹកទាញយកទៅ ហើយក្មេងស្រីម្នាក់បានលង់ទឹកស្លាប់។

ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ីបានព្រមានថា តំបន់ទីក្រុងហ្សាការតាដែលមានប្រជាជនប្រមាណ ៣០ លាននាក់ដែលរងគ្រោះដោយទឹកជំនន់ជាទៀងទាត់នៅរដូវវស្សា អាចរំពឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅសប្តាហ៍ក្រោយ៕ 


 

-->
adverise with khmeread