បុរសម្នាក់បានស្លាប់ដោយសារលង់ទឹកខ្ពបកោះប្រាក់ ស្រុកកៀនស្វាយ

 កណ្តាល ៖ បុរសម្នាក់បានស្លាប់ដោយសារលង់ទឹកខ្ពបកោះប្រាក់ ដៃទន្លេមេគង្គក្រោម កាលពីថ្ងៃចន្ទទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៤និង១០នាទីល្ងាចនៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ​រហូតដល់ព្រឹកថ្ងៃទី២២ កុម្ភៈ នេះទើបរកសាកសពឃើញ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ឈួន គន្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងពុម្ព មានលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដំបូងនៅថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង២ និង១០នាទីរសៀល ជនរងគ្រោះ រួមនឹងមិត្តភក្ដិ៣ទៅ៤នាក់ បាននាំគ្នាមកផឹកស៊ីនៅហាង «ស្ទឹងគគីរ ១៦៨» នៅលើកញ្ចុះបណ្តែតទឹក ស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយគ្នាផឹកស៊ីតាំងមកពីម៉ោងប្រមាណ២ និង១០នាទីរសៀល រហូតដល់ម៉ោង៤ និង៣០នាទីល្ងាច។

ពេលនោះជនរងគ្រោះឈ្មោះ ឈួន គន្ធី ភេទប្រុស បានបបួលឈ្មោះ ណម ឆាន ហៅ ឌី ភេទប្រុស មានលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចុះហែលទឹកលេង ដោយជនរងគ្រោះបានហែលទឹកទៅខាងទឹកជ្រៅ។ ឯឈ្មោះណម ឆាន ហៅ ឌី ភេទប្រុស នៅហែលទឹករាក់ៗជិតកញ្ចុះបណ្តែតទឹក ហើយក្រឡេករកមើលជនរងគ្រោះដែលហែលទៅខាងទឹកជ្រៅម្តងទៀតតែមិនឃើញ។

ដោយមានការសង្ស័យថាលង់ទឹក ឈ្មោះ ណម ឆាន ហៅឌី ភេទប្រុស បានជ្រមុជទឹករកជនរងគ្រោះ ០២ ទៅ ០៣ដងដែរ តែរកមិនឃើញហើយបានឡើងពីទឹកមកវិញ និងបបួលមិត្តភក្តិដែលផឹកស៊ីជាមួយគ្នាដើររកតាមកញ្ចុះបណ្តែតទឹក ព្រោះមុនពេលជនរងគ្រោះ លង់ទឹកបានប្រាប់ថា អញហែលទៅរកមិត្តភក្តិនៅកញ្ចុះខាងត្រើយម្ខាង។ 

លុះដល់ម៉ោងម៉ោង៧និង១០នាទីយប់ ថ្ងៃ ខែ ឆ្នាំដដែលទើបមានប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សលង់ទឹកខ្ពបកោះប្រាក់។ ពេលនោះកម្លាំងប៉ូលិសប៉ុស្តិ៍ រួមជាមួយប្រជាការពារ និងលោកនាយផ្នែកពិនិត្យហេតុបានចុះមកដល់កន្លែងកើតហេតុ តែជនរងគ្រោះដែលលង់ទឹកនោះ មិនទាន់រកឃើញនៅឡើយ។

រហូតដល់ព្រឹកថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ ​ម៉ោង៩ និង៣៤នាទី ក្រុមការងារនិងសាច់ញាតិបានរុករកឃើញសព ដែលលង់ទឹកនោះឃើញរួចដឹកសពនោះមកផ្ទះ នៅចំណុចភូមិដូនស  ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយពិនិត្យសពរួចជំនាញនិងពេទ្យពិនិត្យឃើញថា «ជនរងគ្រោះពិតជាបានស្លាប់ដោយលង់ទឹកពិតប្រាកដមែន» ហើយសពត្រូវបានជំនាញស្រុកប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពែណី៕

-->
adverise with khmeread