វាយប្រពន្ធរងរបួសត្រូវប៉ូលិសឃាត់ខ្លួន ហើយរកឃើញវត្ថុតាងបទល្មើសមួយចំនួន

ស្ទឹងត្រែង ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ឃុំសេកុង ឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅកាន់អធិការដ្ឋានប៉ូលិសស្រុក ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងដកហូតបានអាវុធកែច្នៃមួយដើម និងឧបករណ៍បទល្មើសមួយចំនួនបន្ថែមទៀតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា ក្រោយពីស្ត្រីរងគ្រោះជាប្រពន្ធមកដាក់ពាក្យបណ្តឹង ស្ថិតក្នុងភូមិលុនត្រើយខាងកើតទន្លេសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្តឹងចោទបុរសត្រូវជាប្តីឈ្មោះ​ ម៉ៅ ធី ភេទប្រុស អាយុ៥៩ឆ្នាំ ថាបានធ្វើសកម្មភាពហិង្សាដោយចេតនាទៅលើគាត់ជាប្រពន្ធឈ្មោះ រវ៉ង់ តង់ អាយុ៣០ឆ្នាំ នៅវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិលុនត្រើយខាងកើតទន្លេសេកុង ឃុំសេកុង ស្រុកសៀមប៉ាង។

សមត្ថកិច្ចបន្តថា លុះព្រឹកឡើងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ត្រីរងគ្រោះឈ្មោះ រវ៉ង់ តង់ ត្រូវជាប្រពន្ធកើតទុក្ខមិនសុខចិត្ត ដោយប្តីរបស់ខ្លួនបានប្រើហិង្សាមកលើខ្លួនជាច្រើនដង ក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ឃុំសេកុង ហើយកម្លាំងប៉ូលិសប៉ុស្តិ៍ក៏បានឃាត់ខ្លួនបុរសជាប្តីនៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ នាំមកប៉ុស្តិ៍ដើម្បីកសាងសំណុំរឿង រួចបញ្ជូនបន្តទៅអធិការដ្ឋានស្រុកសៀមប៉ាង ដើម្បីបន្តនីតិវិធីទៅកាន់ស្នងការដ្ឋានប៉ូលិសខេត្តស្ទឹងត្រែង។

ក្រោយពីឃាត់ខ្លួនបុរសជាប្ដីក្នុងករណីហិង្សានេះ សមត្ថកិច្ចបានរកឃើញអាវុធកែច្នៃមួយដើម និងឧបករណ៍ល្មើសច្បាប់ក្បាលឆក់ត្រីមួយ រួមនឹងវិទ្យុទាក់ទងចំនួន៤គ្រឿងបន្ថែមទៀត ដើម្បីបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread