adverise with khmeread 3300488000000578 0 image a 55 1460217400290

លោកយាយ​អាយុ ១០២ ឆ្នាំ​ទីបំផុត​បានទទួល​សញ្ញា​ប​ត្រ​មហាវិទ្យាល័យ​

​    ​លោកយាយ​អាយុ ១០២ ឆ្នាំ​មួយរូប​ទីបំផុត​បានទទួល​សញ្ញា​ប​ត្រ​មហាវិទ្យាល័យ ពោល​ជិត ៦០ ឆ្នាំ​បន្ទាប់ពី​ចាប់ផ្តើម​ការសិក្សា​នៅ​សាកលវិទ្យាល័យ​លើកដំបូង​របស់គាត់​។ 

​    ​លោកយាយ Cecelia "Dolly" Mischel Boarman មាន​អាយុ ៤២ ឆ្នាំ​នៅពេល​គាត់​ចុះឈ្មោះ​រៀន​នៅ​សាក​វិទ្យាល័យ  Brescia University ក្នុង​ទីក្រុង Owensboro រដ្ឋ Kentucky សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩៥៧ ដោយ​សង្ឃឹមថានឹង​បញ្ចប់​សញ្ញាបត្រ​ផ្នែក​អប់រំ​។ 

​    ​លោកយាយ Dolly សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ​ប៊ិះ​តែ​នឹង​បញ្ចប់​សញ្ញាបត្រ​មហាវិទ្យាល័យ​ទៅហើយ ប៉ុន្តែ​លោកយាយ​ដាច់ខាត​ត្រូវតែ​ចាក​ចេញពី​សាកលវិទ្យាល័យ Brescia College (​ឈ្មោះ​សម័យ​នោះ​) ជាបន្ទាន់ (​មូលហេតុ​ផ្ទាល់ខ្លួន​) មុនពេល​លោកយាយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​។​

​    ​នេះហើយ​ជា​អ្វីដែល​លោកស្រី Tracy Naylor អនុប្រធាន​វិទ្យាស្ថាន Institutional Advancement នៅ​សាកលវិទ្យាល័យ Brescia បាន​ជ្រាប​ជា​ដំណឹង នៅពេល​ជជែក​គ្នា​លេង​ជាមួយ​កូនស្រី​របស់លោក​យាយ Dolly អំពី​ផែនការ​ទស្សនកិច្ច​មួយ​ជាមួយ​អតីត​និស្សិត ដែល​រស់នៅ​អា​រី​ហ្សូ​ណា​។ 

​    ​កូនស្រី​លោកយាយ Dolly លោកស្រី Jovita Boarman Fine ដែល​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Brescia បាន​ប្រាប់​ការពិត​ដល់​លោកស្រី Naylor ថា គាត់ (Dolly) ពិតជា​បាន​រៀន​ថ្នាក់​នៅ​សាលា​នេះ​មែន ដែល​ឥឡូវ​លោកយាយ​រស់នៅ​ជាមួយ​គាត់​នៅ​ទីក្រុង Prescott​។ 

​    ​លោកស្រី Naylor និយាយថា គាត់​គាំង​រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ ពេល​ដឹងថា លោកយាយ Dolly មាន​អាយុ ១០២ ឆ្នាំ ហើយ​នៅ​មិនទាន់​បញ្ចប់​សញ្ញាបត្រ​ទៀត​។ 

​    ​លោកស្រី Naylor បាន​ប្រាប់​វេ​ប​សាយ​របស់​សាកលវិទ្យាល័យ Brescia ថា "​ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​គណនា​តាម​គណិតវិទ្យា​ក្នុង​ចិត្ត​របស់ខ្ញុំ​។ ភ្លាមនោះ​ខ្ញុំ​បាន​ឆែក​មើល​ព្រឹ​តិ្ត​ប័ត្រ​ពិន្ទុ និង​គណនា​ចំនួន Credit របស់គាត់​"​។ 

​    ​លោកស្រី Naylor ក្រោយមក​បាន​សួរ​លោកស្រី Sr Cheryl Clemons អនុប្រធាន​ផ្នែក​ការិយាល័យ​សិក្សា​ថា​តើ​គាត់​អាចធ្វើឱ្យ​លោកយាយ Dolly ភ្ញាក់ផ្អើល​ជាមួយនឹង​សញ្ញាបត្រ​មហាវិទ្យាល័យ​បាន​អត់​អំឡុង​ទស្សនកិច្ច​របស់លោក​យាយ​មកកាន់​រដ្ឋ​អា​រី​ហ្សូ​ណា​។ Clemons ភ្លាម​នោះបាន​យល់ព្រម​ភ្លែត​។ 

​    ​លោកស្រី Naylor បាន​និយាយថា "​នេះ​ជា​រឿង​ប្រពៃ​បំផុត​ដែល​ខ្ញុំ​មានឱកាស​ធ្វើ​វា​ឡើង​អំឡុង​អាជីព​របស់ខ្ញុំ​"​។  

​    ​លោកយាយ Dolly បានទទួល​សញ្ញាបត្រ​កិ​ត្ត​យស Associate of Arts Honoris Casua​។ លោកយាយ​ឥឡូវ​បាន​ក្លាយជា​អតីត​និស្សិត​ដែលមាន​វ័យ​ចំណាស់​បំផុត​របស់​សាកលវិទ្យាល័យ Brescia University៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់