មន្រ្តីជំនាញអះអាងថា «ទឹកបឹងយក្ខឡោមមានសភាពល្អក់អាចជាកត្តាបាតុភូតធម្មជាតិ»

រតនគិរី ៖ យោងតាមផេកលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា ទឹកបឹងយក្ខឡោមស្ថិតនៅសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ដែលជាតំបន់រមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពលបំផុតសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្ត ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ទឹកនៅផ្ទៃបឹងទាំងមូលមានសភាពល្អក់ប្លែកពីធម្មតា។

ទាក់ទិនករណីខាងលើនេះលោកផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានឱ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ២០២១ថា ទឹកដែលល្អក់របស់បឹងយក្ខឡោមអាចមកពីកត្តាបាតុភូតធម្មជាតិ។ លោកអះអាងថា កាលពី១០ឆ្នាំមុនពោលគឺនៅឆ្នាំ២០១១ ទឹកបឹងយក្ខឡោមនេះក៏មានសភាពល្អក់ដូចគ្នានេះដែរ ហើយវាបានថ្លាទៅវិញរយៈពេល១០ទៅ១៥ថ្ងៃ។ 

លោកប្រធានមន្ទីរបរិស្ថានខេត្តបន្តថា តាមសេចក្តីរាយការណ៍មកគឺបឹងលំកុដ បឹងយក្ខអោម យក្ខរ៉ា ស្ថិតនៅឃុំសេដា ស្រុកលំផាត់ ក៏ចាប់ផ្តើមមានសភាពល្អក់ដែរ។ លោកមិនទាន់ហ៊ានវិនិច្ឆ័យតាមបែបវិទ្យាសាស្រ្តយ៉ាងណានោះទេ។តែតាមកត់សម្គាល់របស់លោក ឱ្យតែប្រទេសជិតខាង មានព្យុះឬបាតុភូតធម្មជាតិអ្វីមួយកើតឡើងគឺទឹកបឹងយក្ខឡោមក៏មានសភាពល្អក់ដែរ។ 

លោកបញ្ជាក់ថា សភាពទឹកល្អក់របស់បឹងយក្ខឡោម និង បឹងលំកុដ បឹងយក្ខអោម យក្ខរ៉ា គឺមិនមានអ្វីប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរំខានដល់ការចុះមុជទឹកលេងរបស់ភ្ញៀវទេសចរ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ចំណែកលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ក៏បានអះអាងដែរថា វាគឺជាបាតុភូតធម្មជាតិ គឺកើតឡើង១០ឆ្នាំម្តង ហើយពេលនេះផ្ទៃទឹកបឹងមានសភាពថ្លាទៅវិញជាបណ្តើរៗហើយ។

យោងតាមមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្ត ក៏បានឱ្យដឹងដែរថា បឹងយក្សឡោម មានភាពល្អក់នេះមិនមែនជាលើកទី១ទេ ដែលកាលពីប៉ុន្មានឆ្នាំមុនក៏មានសភាពបែបនេះកើតឡើងដែរ ដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹងយក្ខឡោមក៏មានសរសៃឈាមជាប់នឹងបន្ទុះភ្នំភ្លើងមួយទៀតនៅប្រទេសណាមួយនៅក្នុងអាស៊ី ដែលវាមានសរសៃឈាមជាប់នឹងបឹងយក្ខឡោមដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ៕

adverise with khmeread