សល់១៦ថ្ងៃទៀតផុតអាជ្ញាយុកាល ថៃចាប់បានឃាតករសង្ស័យម្នាក់ រត់គេចខ្លួនជិត២០ឆ្នាំ

លោក Suwat Saengnoom មេបញ្ជាការរងនៃការិយាល័យបង្ក្រាបបទឧក្រិដ្ឋ (CSD) បាននិយាយកាលពីថ្ងៃចន្ទទី២២កុម្ភៈថា បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលជិត ២០ ឆ្នាំ ជនសង្ស័យម្នាក់ក្នុងករណីឃាតកម្មចំនួន ២ ត្រូវបានចាប់ខ្លួន គឺសល់តែ ១៦ ថ្ងៃប៉ុណ្ណោះនឹងផុតអាជ្ញាយុកាលក្នុងករណីនេះទៅហើយ។

លោកវរសេនីយ៍ត្រី Suwat និយាយថា ប៉ូលិសនៅ CSD ដែលមានដីកាចាប់ខ្លួនចេញដោយតុលាការស្រុកថាំងសុងខេត្តនគរស៊ីធម្មរាជ កាលពីថ្ងៃអាទិត្យបានចាប់ខ្លួនឈ្មោះ Praiwit ហៅក្រៅថា Nathapong Meesuan អាយុ ៤៧ ឆ្នាំនៅឯផ្ទះមួយនៅភូមិមូលេខ ៩ ក្នុងតំបន់ឡាត់ក្រាធីងនៃស្រុកសាណាមឆៃកេត ខេត្តឆាឆឹងសៅ។

រូបគេប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្មនិងប៉ុនប៉ងធ្វើឃាត។

មេបញ្ជាការរង CSD រូបនេះបាននិយាយថា បទល្មើសនេះបានកើតឡើងនៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០០១ ។

បុរសឈ្មោះ Jaroon និងមិត្តភក្តិ ២ នាក់ទៀតកំពុងនៅហាងខារ៉ាអូខេមួយនៅភូមិមូ ៤ ក្នុងតំបន់ក្រាំងយ៉ាននៃស្រុកថាំងយ៉ៃខេត្តនគរស៊ីធម្មរាជ។

ពួកគេបានស្រវឹងហើយបង្កជម្លោះគប់កែវនិងគប់ដបនិងរំខានដល់អតិថិជនផ្សេងទៀត។ នេះបាននាំឱ្យមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងគគុករវាង Jaroon និង Praiwit ដែលនៅទីនោះជាមួយមិត្តភក្តិ ២ នាក់ដូចគ្នា។

Praiwit បានដើរទៅខាងក្រោយហាងហើយត្រឡប់មកវិញជាមួយកាំភ្លើងខ្លីមួយដើម។ រូបគេបានបាញ់ Jaroon ដួលខ្ពោកទៅនឹងដី។ Praiwit បានអូស Jaroon ចេញទៅមុខហាងហើយចាក់ជាច្រើនកាំបិតលើមុខនិងក Jaroon។ Jaroon បានស្លាប់នៅនឹងកន្លែង។

រូបគេក៏រងការចោទប្រកាន់ថាបានបាញ់ទៅលើមិត្តភក្តិរបស់ Jaroon ដែរ ដែលបណ្តាលឱ្យម្នាក់ក្នុងចំណោមពួកគេរងរបួសយ៉ាងធ្ងន់ធ្ងរ។

Praiwit និងមិត្តភក្តិរបស់គាត់បានរត់គេចខ្លួនសម្ងំពួនអាត្មាដាច់ដោយឡែកពីគ្នានៅតាមបណ្តាខេត្តផ្សេងគ្នា។

ក្រោយមក មិត្តភក្តិពីរនាក់របស់គេត្រូវបានចាប់ខ្លួន។ Praiwit បានបន្តបាត់ខ្លួនតាំងពីពេលនោះមក។

ខណៈអាជ្ញាយុកាល ២០ ឆ្នាំក្នុងករណីនេះនឹងផុតកំណត់នៅថ្ងៃទី ៩ ខែមីនាឆ្នាំ២០២១ សាច់ញាតិរបស់ Jaroon បានដាក់ពាក្យបណ្តឹងទៅ CSD ដើម្បីស្វែងរកយុត្តិធម៌។ បន្ទាប់ពីការស៊ើបអង្កេត ប៉ូលិសបានចាប់ខ្លួន Praiwit នៅខេត្តឆាឆឹងសៅកាលពីថ្ងៃអាទិត្យ។

ក្រោមការសួរចម្លើយ Praiwit បានសារភាពថាបានបាញ់ Jaroon មែន ប៉ុន្តែរូបគេអះអាងថាវាមិនបង្ករបួសធ្ងន់ធ្ងរទេ។

ជនសង្ស័យនិយាយថា ការស្លាប់របស់ Jaroon ទំនងជាបណ្តាលមកពីមិត្តម្នាក់របស់គាត់ ដែលត្រូវបានចាប់ខ្លួនកាលនោះ។ រូបគេនិយាយថា មិត្តម្នាក់នោះបានយកកាំបិតចាក់ Jaroon។ រូបគេមិនបានចាក់ទេ។

Praiwit និយាយថា នៅពេលរត់គេចខ្លួនគាត់បានស្នាក់នៅផ្ទះរបស់សាច់ញាតិម្តាយរបស់គាត់នៅស្រុកហួសៃ ខេត្តនគរស៊ីធម្មរាជរយៈពេលប្រហែលមួយខែ។ រូបគេបានប្តូរឈ្មោះទៅជា Nathapong ដោយសង្ឃឹមថាគាត់អាចរួចផុតពីការចាប់ខ្លួន។

រូបគេបានទៅខេត្តយ៉ាឡាធ្វើការនៅយានដ្ឋានជួសជុលរថយន្តអស់រយៈពេលប្រហែល ៧ ឆ្នាំ។ ប៉ូលិសធ្លាប់បានឆែកឆេរយានដ្ឋាននោះដើម្បីចាប់ខ្លួនបុរសនេះ ប៉ុន្តែរូបគេបានរត់គេចខ្លួនបានសម្រេច។

ពីខេត្តយ៉ាឡា រូបគេបានទៅបាងកកហើយធ្វើការនៅឯយានដ្ឋានជួសជុលឡានមួយផ្សេងទៀត។

ខណៈអាជ្ញាយុកាលជិតផុតកំណត់ រូបគេបានទៅរស់នៅជាមួយមិត្ដជិតស្និទ្ធម្នាក់នៅស្រុកសាណាមឆៃកេតខេត្ដឆាឆឹងសៅ ហើយធ្វើការនៅចម្ការមួយ ដែលទីបំផុតក៏ត្រូវប៉ូលិសចាប់ខ្លួន។

Praiwit ត្រូវបានប្រគល់ខ្លួនឱ្យទៅប៉ូលិសស្រុកថាំងយ៉ៃដើម្បីចាត់ការបន្តទៀត៕ ប្រភព ៖ Bangkok Post

adverise with khmeread