ឯកអគ្គរដ្ឋទូតអ៊ីតាលីស្លាប់ក្នុងការវាយឆ្មក់នៅកុងហ្គោ

ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោស្ថិតក្នុងចំណោមមនុស្ស ៣ នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ទី២២ កុម្ភៈ នៅពេលក្បួនរថយន្តរបស់អង្គការសហប្រជាជាតិមួយត្រូវបានស្ទាក់វាយប្រហារនៅភាគខាងកើត ដែលមានបញ្ហាហិង្សារបស់ប្រទេសនេះ ហើយប្រធានាធិបតីកុងហ្គោបានហៅវាជា "ការវាយប្រហារភេរវកម្ម" និងស្តីបន្ទោសទៅលើក្រុមឧទ្ទាម Rwandan Hutu។

យោងតាមប្រភពការទូតជាន់ខ្ពស់នៅរដ្ឋធានី Kinshasa និងអង្គការ WFP បានឱ្យដឹងថា លោក Luca Attanasio បានស្លាប់ដោយសាររបួស បន្ទាប់ពីក្បួនរថយន្តរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានស្ថិតក្រោមការបាញ់ប្រហារជិតតំបន់ Goma ខណៈដែលរូបលោកកំពុងធ្វើដំណើរចុះពិនិត្យដល់ទីកន្លែងនូវកម្មវិធីផ្តល់អាហារតាមសាលារៀន។

រដ្ឋាភិបាលអ៊ីតាលីបានបញ្ជាក់អំពីការស្លាប់របស់លោក Attanasio និងនិយាយថា ប៉ូលិសអ៊ីតាលីម្នាក់ឈ្មោះ Vittorio Iacovacci និងអ្នកបើកបរ ដែលខ្លួនមិនបញ្ចេញអត្តសញ្ញាណម្នាក់ក៏បានស្លាប់ដែរ។

កងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងកងទ័ពកុងហ្គោបានពង្រាយទៅទីជនបទក្នុងតំបន់ Kibumba កន្លែងដែលការវាយប្រហារបានកើតឡើង ដោយនាំគ្នាដើរតាមផ្លូវដីដែលដុះស៊ុបទ្រុបដោយព្រៃរបោះ ខណៈពួកគេត្រៀមយកសាកសពនិងដេញតាមក្រុមអ្នកវាយប្រហារ។

រថយន្តពណ៌សរបស់ WFP មួយគ្រឿងបានបែកកញ្ចក់បង្អួច ហើយអ្នកស្រុកនាំគ្នាចោមរោមមើល ខណៈទាហានធ្វើដំណើរកាត់ព្រៃរបោះ។

អ្នកលក់ដូរម្នាក់នៅតំបន់នោះបាននិយាយថា គាត់ឃើញសាកសពមួយនៅលើដី។

លោក Julien Amani Kiza បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមអ្នកវាយប្រហារបាន "រត់គេចខ្លួនជាមួយមនុស្សដែលនៅក្នុងរថយន្តនិងឡានក្រុង"។

ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានបញ្ជាក់ពីអ្វីដែលលោកហៅថាជា "ការវាយប្រហារដ៏កំសាក"៕

adverise with khmeread