អ្នករួចរស់ពីជំងឺមហារីកម្នាក់គ្រោងនឹងក្លាយជាជនជាតិអាមេរិកក្មេងជាងគេបានឡើងទៅទីអវកាស

នាង Hayley Arceneaux អាយុ ២៩ ឆ្នាំបានសុបិនជាយូរចង់មកហើយដើម្បីក្លាយជាអវកាសយានិក ហើយទីបំផុតនាងនឹងទទួលបាននូវបំណងប្រាថ្នារបស់នាងនៅលើបេសកកម្មយានអវកាសស៊ីវិលដំបូងបង្អស់គឺ Inspiration4 ដែលគ្រោងនឹងចាប់ផ្តើមហោះនៅចុងឆ្នាំនេះ។

នាង Arceneaux ជាជំនួយការគ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យ St. Jude's Children's Research ត្រូវបានគេដាក់ឈ្មោះជាសមាជិកអវកាសយានិកទី ២ ដើម្បីចូលរួមជាមួយមហាសេដ្ឋី Jared Isaacman ដែលបានទិញសំបុត្រហោះហើរនេះ។

នាងក៏នឹងក្លាយជាជនជាតិអាមេរិកក្មេងជាងគេនៅលើអវកាសនិងជាអ្នកដំបូងដែលធ្វើដំណើរជាមួយសរីរាង្គសិប្បនិម្មិត។

នៅអាយុ ១០ ឆ្នាំ នាង Arceneaux ត្រូវបានព្យាបាលជំងឺមហារីកឆ្អឹងហើយបានធ្វើការវះកាត់នៅមន្ទីរពេទ្យ St. Jude ដើម្បីជំនួសជង្គង់របស់នាងនិងបញ្ចូលដែកទីតាញ៉ូមនៅក្នុងឆ្អឹងភ្លៅខាងឆ្វេងរបស់នាង។

នាង Arceneaux បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា "ការតស៊ូជាមួយជំងឺមហារីករបស់ខ្ញុំពិតជាបានរៀបចំខ្ញុំសម្រាប់ការធ្វើដំណើរទៅលំហអាកាស។ វាធ្វើឱ្យខ្ញុំពិបាក ហើយបន្ទាប់មកខ្ញុំគិតថាវាពិតជាបានបង្រៀនខ្ញុំឱ្យរំពឹងនូវអ្វីដែលមិនរំពឹងទុក និងបន្តដំណើរទៅមុខទៀត"។

នាងចង់បង្ហាញអ្នកជំងឺវ័យក្មេង និងអ្នករស់រានមានជីវិតពីជំងឺមហារីកដទៃទៀតថា "មេឃមិនមានដែនកំណត់ទៀតទេ" ៕

adverise with khmeread