ឡានបើកត្រឡប់ក្រោយ ចៃដន្យម៉ូតូបើកលឿនជ្រុលបុកស្លាប់ក្រោយបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនសួគ៌ា

​ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូជ្រុលបុករថយន្តកំពុងឆ្លងផ្លូវត្រឡប់ក្រោយ កើតឡើងកាលពីវេលាម៉ោង៩​ និង២០នាទីយប់​ ថ្ងៃចន្ទ ទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​កែងផ្លូវបេតុងជារតនៈ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ​ ចាន់ ប៊ុនណា អាយុ៣៩ឆ្នាំ ជាបុគ្គលិក ធនាគារABA រស់នៅផ្ទះលេខ៨៦សេ ផ្លូវស៊ីធី ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ1HI-2612។ ចំណែកឯរថយន្ត ម៉ាកតូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-7044 អ្នកបើកបររត់បាត់។ 

​តាមប្រភពបានឱ្យដឹងថា​ ដំបូងរថយន្តបានបើកឆ្លងផ្លូវជាតិលេខ២​ ត្រឡប់ក្រោយបម្រុងទៅទិសខាងជើង​ ខណៈឆ្លងបានពាក់កណ្ដាលផ្លូវក៏ត្រូវម៉ូតូរងគ្រោះ ជិះម្នាក់ឯងធ្វើដំណើរទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន​មកជ្រុលបុករថយន្ត​ ចំពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យដួលបោកក្បាលជាមួយថ្នល់រងរបួសធ្ងន់ធ្ងរ​ ហើយត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជនសួគ៌ា​ដឹកយកទៅសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់ ក្នុងគ្លីនិកឯកជននោះតែម្ដង​។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីអ្នកបើករថយន្តត្រឡប់ក្រោយមិនលើកសិទ្ធិឱ្យម៉ូតូបើកផ្លូវត្រង់។ ក្រោយកើតហេតុ​ សមត្ថកិច្ចបានវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿង នោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក​ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។ ឯសពត្រូវសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​៕​ 

adverise with khmeread