Florian Neuhaus ដែលជាខ្សែបម្រើរបស់ក្លឹប Borussia Monchengladbach បានបើកទ្វារសម្រាប់ការចាកចេញនៅរដូវក្តៅ ខណៈក្លឹប Liverpool និង Manchester City កំពុងពិចារណាដាក់សំណើផ្ទេរ។
កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះបានក្លាយជាកីឡាករមួយរូបក្នុងចំណោមកីឡាករវ័យក្មេងដែលមានទេពកោសល្យនៅក្របខណ្ឌ Bundesliga ហើយតាមព័ត៌ថា ទទួលបានការចាប់អារម្មណ៍ច្រើនពីក្លឹបយក្សមួយចំនួននៅតំបន់អឺរ៉ុបនៅរដូវកាលនេះ។
លោក Jurgen Klopp និងលោក Pep Guardiola សុទ្ធតែពេញចិត្ត ស្របពេលក្លឹប Bayern Munich Juventus និង Dortmund ក៏តាមមើលស្ថានភាពរបស់ Neuhaus ផងដែរ ។
កីឡាករវ័យ២៣ ឆ្នាំរូបនេះ ដែលមានលក្ខខណ្ឌទិញផ្តាច់ ៣៥លានផោនក្នុងកិច្ចសន្យាអះអាងថា ខ្លួនផ្តោតលើការរកគ្រាប់បាល់ជាមួយក្លឹប Monchengladbach ប៉ុន្តែមិនបិដសេធឱកាសចាកចេញទេ នៅពេលរដូវកាលទិញដូរបើកទ្វារ។
Neuhaus បាននិយាយថា " ខ្ញុំមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤ ហើយខ្ញុំមានគោលដៅធំសម្រាប់រដូវកាលនេះ។ នោះគឺជាអ្វីដែលខ្ញុំផ្តោតការយកចិត្តទុកដាក់នៅពេលនេះ"។
Neuhaus បន្តថា "ខ្ញុំលេងនៅ Borussia ។ ខ្ញុំមានកិច្ចសន្យា ហើយយើងនៅតែមានគោលដៅធំនៅរដូវកាលនេះ។ ខ្ញុំមិនអាចនិយាយថា អ្វីនឹងកើតឡើងនៅរដូវក្តៅនេះទេ"៕
