ពោធិ៍សាត់ ៖ កុមារាអាយុ៣ឆ្នាំម្នាក់លង់ទឹកស្រះស្លាប់ កើតឡើងកាលពី៥និង២៣នាទីល្ងាចថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ២០២១នៅចំណុចស្រះទឹកមួយនៅវាលស្រែ ស្ថិតក្នុងភូមិដើមរកា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកវ៉ែន ធី អាយុ៣៨ឆ្នាំត្រូវជាឪពុកកុមាររងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុកូមគាត់ឈ្មោះ ធី ពន្លឺ ភេទប្រុស អាយុ៣ឆ្នាំ ត្រូវជាកូនរបស់គាត់តាមបងប្រុសរបស់វាទៅដឹកចំបើងនៅចំណុចវាលស្រែកក្បែរផ្ទះនៅពីខាងកើតផ្ទះចម្ងាយប្រមាណជា១០០ម៉ែត្រហើយមានស្រះទឹកមួយ។
លោក វ៉ែន ធី បន្តថា ខណៈបងប្រុសរបស់វាឈ្មោះ ធី តុលា អាយុ១៥ឆ្នាំ រវល់ប្រមូលចំបើងនៅក្បែរកន្លែងកើតហេតុ ក្រឡេកមើលទៅឃើញប្អូនប្រុសប្រកាច់ក្នុងស្រះទឹកក៏រត់ទៅជួយស្រង់ពីក្នុងស្រះទឹក។ លុះមកដល់ផ្ទះ គាត់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកបាកានជាអកុសលកូនគាត់បានស្លាប់បាត់ទៅហើយ។
ប៉ូលិសមូលដ្ឋាននិងលោកមេឃុំខ្នារទទឹងបានបញ្ជាក់បន្ទាប់ពីពិនិត្យសពថា «ការស្លាប់របស់កុមាររងគ្រោះរូបនេះគឺបណ្តាលមកពីឪពុកម្តាយរបស់គេមានការធ្វេសប្រហែសទើបធ្វើឱ្យកូនរបស់គាត់ស្លាប់បែបនេះ»។ សាកសពក្មេងប្រុសត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
