លោកតាម្នាក់ដេកស្លាប់នៅចំណុចលើចិញ្ចើមផ្លូវបេតុងបណ្តាលមកពីគាំងបេះដូង

កណ្តាល ៖ មានករណីលោកតាម្នាក់ដេកស្លាប់នៅចំណុចលើចិញ្ចើមផ្លូវបេតុង ជាប់នឹងរបងផ្ទះឈ្មោះ ឈួន វិបុល ស្ថិតនៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បង្កការភ្ញាក់ផ្អើលកាលពីនៅថ្ងៃ​ចន្ទទី ២២ ខែ កុម្ភៈ ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ‌ឈ្មោះនន់ស៊ិន សំខឿន ភេទប្រុស អាយុ ៧០ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ​នៅផ្ទះ មានទីលំនៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

តាមការបំភ្លឺរបស់ ឈ្មោះ សុខ ចន្ធី ភេទស្រី សញ្ជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំ ភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានបំភ្លឺថា នៅវេលាម៉ោងកើតហេតុគាត់ដើរចេញពីផ្ទះរបស់គាត់ទៅត្បូងបានឃើញឈ្មោះ នន់ស៊ិន សំខឿន (ជនរងគ្រោះ) ដេកនៅមុខផ្ទះឈ្មោះ បុល ស្មានថា គាត់ដេកលេង។

លុះបានបន្តិចក្រោយមក ឈ្មោះ សុខ ចន្ធី បានដើរត្រឡប់ពីត្បូងមកផ្ទះវិញ ឃើញ ជនរងគ្រោះដេកនៅកន្លែងដដែល ក៏ឮប្រពន្ធជនរងគ្រោះ ឈ្មោះ កៀន ស្រែកយំថា«ប្តីរបស់គាត់ស្លាប់ហើយ» ទើបឈ្មោះសុខ ចន្ធី ដឹងថា «យក្សខឿនស្លាប់ហើយ»។

ក្រោយមកអ្នកជិតខាងបានរាយការណ៍ទៅ ប៉ុស្តិ៍រដ្ឋបាលថា មានករណីមនុស្សដេកស្លាប់។ ភ្លាមនោះប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានសហការជាមួយផ្នែកពិនិត្យកន្លែងកើត ស្រុក លើកដែក និងបានចុះមកដល់ផ្ទះកើតហេតុ។

បន្ទាប់ពីបានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា សាកសពពុំ មានស្នាកស្នាមអ្វីដែលពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ ពោលគឺ​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន។ សពបានប្រគល់ជូនក្រុមគ្រួសារ​ ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread