មនុស្សប្រុសស្រី២នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នា

កណ្តាល​ ៖​ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តរវាង២គ្រឿងបុកគ្នា ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​។

គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២ និង៥០នាទីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១  នៅលើកំណាត់ផ្លូវជាតិលេខ៤​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣-២៤ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឱ្យដឹងថា​ ដំបូងមានរថយន្ដ០១គ្រឿង​ម៉ាកម៉ាស្ដា ពណ៌ស ​ពាក់ផ្លាកលេខ​ ព្រះសីហនុ 2C-4536 អ្នកបើកបរឈ្មោះ​ប៉ុន​ សារឿន​ ភេទប្រុស​ ​អាយុ៦៥ឆ្នាំ  របួសធ្ងន់ដែលមានទីលំនៅ ភូមិ១​ សង្កាត់លេខ១​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ  រួមដំណើមានឈ្មោះ ស៊ូ​ ម៉ីនាង ភេទស្រី អាយុ១៨ឆ្នាំមាន ទីលំនៅជាមួយគ្នា (របួសបាក់ជើង)។

សមត្ថកិច្ចបន្តថា​ រថយន្តម៉ាស្តា​ បើកបរក្នុងទិសដៅពីខាងកើត ទៅទិសខាងលិច (ភ្នំពេញ -កំពង់ស្ពឺ)។ លុះដល់ចំណុចកើតហេតុ រថយន្តម៉ាស្ដាបានជ្រុលចង្កូតចូលគន្លងផ្លូវរថយន្តម្ខាងទៀត​ ហើយបានបុកចំពីមុខរថយន្ដ ធុនធំ១គ្រឿងផ្សេងទៀតម៉ាកដេវ៉ូ មានសណ្ដោងរ៉ឺម៉កបែន  ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខម.០២.៤.២៤០៩ បើកបរដោយឈ្មោះ ជីម វេង ភេទប្រុស​ អាយុ២៦ឆ្នាំ មានទីលំនៅឃុំរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើត។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តធុនធំបានចុះរត់គេចខ្លួនបាត់ នៅមុនសមត្ថកិច្ចទៅដល់ដោយបន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។

បើតាមសេចក្ដីសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចថា​ ​ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ដម៉ាកមាស្ដាបើកបរ ដោយខ្វះការប្រុងប្រយ័ត្នវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនប្រកាន់ស្ដាំ។

បច្ចុប្បន្នមធ្យោយបាយយានយន្តទាំង២​ ត្រូវបានកម្លាំងជំនាញវាស់វែងនិងនាំយកមករក្សាទុក​ នៅអធិការដ្ឋានប៉ូលិសស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថា​ គ្រោះថ្នាក់ខាងលើនេះបណ្តាលឱ្យមនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់​ ហើយបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ​ក្រុងព្រះសីហនុ​ ត្រូវបានក្រុមគ្រួសារសាច់ញាតិនាំយកមកលំនៅដ្ឋានរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕


 

-->
adverise with khmeread