ការសិក្សារបស់អង់គ្លេសរកឃើញថា មេរោគកូរ៉ូណាអាចរស់នៅលើសាច់ក្រណាត់សម្រាប់សម្លៀកបំពាក់ពេទ្យបាន ៣ ថ្ងៃ

អ្នកវិទ្យាសាស្ត្របានរកឃើញវីរុសជាច្រើនស្រដៀងនឹងមេរោគបំលែងខ្លួនដែលបង្កឱ្យមានជំងឺកូវីដ១៩ អាចរស់នៅលើអាវសាច់ក្រណាត់ដែលពាក់ជាទូទៅរហូតដល់ទៅបីថ្ងៃ។ នេះយោងតាម BBC ផ្សាយនៅថ្ងៃពុធនេះ។

ការសិក្សារបស់សាកលវិទ្យាល័យ De Montfort University ក្នុងទីក្រុង Leicester បានធ្វើតេស្តរកមេរោគកូរ៉ូណាលើសាច់ក្រណាត់នីឡុង កប្បាសលាយនីឡុង និងកប្បាសសុទ្ធ ១០០ ភាគរយ។

លទ្ធផលបានបង្ហាញថា សាច់ក្រណាត់នីឡុងមានហានិភ័យខ្ពស់បំផុត។

អ្នកជំនាញផ្នែកមីក្រូជីវសាស្ត្រ គឺវេជ្ជបណ្ឌិត Katie Laird ដែលបានដឹកនាំការសិក្សានេះ បាននិយាយថា សាច់ក្រណាត់ ដែលត្រូវបានប្រើជាទូទៅក្នុងឯកសណ្ឋានពេទ្យ បានបង្កហានិភ័យនៃការឆ្លងខ្ពស់។

ការសិក្សាបានឃើញថា ដំណក់ទឹកនៃវីរុសកូរ៉ូណាបានដក់ជាប់យូរលើប្រភេទក្រណាត់សម្រាប់ពេទ្យ។

បន្ទាប់មកអ្នកវិទ្យាសាស្ត្របានតាមដានស្ថិរភាពនៃវីរុសលើប្រភេទសាច់ក្រណាត់នីមួយៗរយៈពេល ៧២ ម៉ោង។

លទ្ធផលបានបង្ហាញថា សាច់ក្រណាត់នីឡុងមានហានិភ័យខ្ពស់បំផុតក្នុងការចម្លង ដោយវីរុសនៅតែមានវត្តមានបន្ទាប់ពីបីថ្ងៃនិងមានសមត្ថភាពផ្ទេរទៅផ្ទៃផ្សេងទៀត។

នៅលើកប្បាស ១០០ ភាគរយវីរុសអាចរស់បានរយៈពេល ២៤ ម៉ោង ខណៈពេលដែលនៅលើសាច់ក្រណាត់កប្បាសលាយនីឡុងអាចរស់បានតែ ៦ ម៉ោងប៉ុណ្ណោះ៕ ប្រភព ៖ BBC

-->
adverise with khmeread